ខេត្តរតនគិរី៖ យ៉ាងតិចមានមនុស្ស១០នាក់បានរងរបួសធ្ងន់ ស្រាល ដោយឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយខ្លួនឯង បើករេចង្កូតធ្លាក់ផ្លូវកាលពីវេលាម៉ោង៦និង១០នាទីព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៦ នៅចំណុចភូមិតាអុង ឃុំតាអុងកាតេ ស្រុកកូនមុំ ខេត្តរតនគិរី ។
សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាកតូយូតា តាកូម៉ា មួយបាំងកន្លះ ពណ៌ខ្មៅ ពាក់ស្លាកលេខ រតនគិរី 2A-0125 ធ្វើដំណើរទៅមើលចំការស្រែទាហាន ក្នុងទិសដៅពីជើងទៅត្បូង បើកនៅក្នុងល្បឿនលឿន ក៏បានរេចង្កូតធ្លាក់ផ្លូវមកខាងឆ្វេងដៃ ក៏បណ្តាលឲ្យអ្នករួមដំណើរជាច្រើននាក់បានរងធ្ងន់ ស្រាល ។ សមត្ថកិច្ចបានបន្តថា អ្នកបើកបររថយន្តបង្កហេតុ ឈ្មោះ ជា ជាតិ ភេទប្រុស អាយុ៤៥ឆ្នាំ មានទីលំនៅភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ។
ក្នុងគ្រោះថ្នាក់ចរាចរណ៍នេះមានអ្នករងរបួសធ្ងន់២នាក់ គឺអ្នកបើកបរ និងម្នាក់ទៀត ខេង ភេទប្រុស អាយុ២៦ឆ្នាំ ត្រូវបានសមត្ថកិច្ចហៅរថយន្តសាមុយ ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ។ ដោយឡែកអ្នករងរបួសធ្ងន់ ស្រាល៨នាក់ទៀត សមត្ថកិច្ចមិនទាន់បញ្ជាក់ប្រាប់ពីអត្តសញ្ញាណនៅឡើយទេ ៕
ដោយ៖ វុទ្ធឦសាន