ភ្នំពេញ, នៅល្ងាចថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ ក្រសួងបរិស្ថាន បានបញ្ជាក់ថា, ចកវ៉កកម្ពុជា ជាប្រភេទសត្វស្លាបដែលមានវត្តមានតែនៅតំបន់ជួរភ្នំក្រវាញនៃប្រទេសកម្ពុជាតែប៉ុណ្ណោះ (Endemic)។ សត្វស្លាបប្រភេទនេះត្រូវបានរកឃើញដំបូងនៅឆ្នាំ១៩២៩ (Riley, 1930) ហើយបញ្ជាក់ពីវត្តមានវានៅកម្ពុជាឡើងវិញនៅក្នុងឆ្នាំ២០០០ (Steinheimer et al., 2000)។
ក្រសួងបរិស្ថានបានបន្តថា, ទោះជាយ៉ាងនេះក្តីនៅប្រទេសកម្ពុជាសំណាកស្បែកស្ងួតសម្រាប់គោលបំណងវិទ្យាសាស្ត្រដំបូងត្រូវបានប្រមូលពីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ នៅឆ្នាំ២០១០ (Chhin, 2010) និងកំពុងទុកនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
ជាទូទៅ សត្វស្លាបប្រភេទនេះមានវត្តមាននៅតំបន់ភ្នំរយៈកម្ពស់ខ្ពស់(ចាប់ពី៧០០ម៉ែត្រឡើងទៅ) នៃតំបន់ជួរភ្នំក្រវាញ មានដូចជា ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ដែនជម្រកសត្វព្រៃភ្នំសំកុស និងឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល។
ក្រសួងបរិស្ថានបានប្រាប់ក្នុងផេកថា : ប្រភព និងរូបភាពដោយ៖ បណ្ឌិត ឈិន សុភា នាយកដ្ឋានជីវៈចម្រុះ
ផលិត និង ផ្សព្វផ្សាយដោយ៖ នាយកដ្ឋានជីវៈចម្រុះនៃ អគ្គលេខាធិការដ្ឋាន ក្រុម ប្រឹក្សាជាតិ អភិវឌ្ឍន៍ ដោយ ចីរភាព/ក្រសួងបរិស្ថាន ៕
ដោយ, សិលា