រថយន្តដឹកឥដ្ឋបើកថយក្រោយតែបែរជារអិលទៅមុខបុករះរថយន្ត២គ្រឿងនិងរុឺម៉កម៉ូតូមួយគ្រឿងគាបជាប់គ្នា

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តកូរ៉េដឹកឥដ្ឋមួយគ្រឿង ត្រូវអ្នកបើកបរបើកថយក្រោយក្នុងបំណងចូលការដ្ឋានសំណង់ តែឡើងទួលមិនរួច បែរជារអិលទៅមុខជាន់ហ្វ្រ័ងមិនសុីជ្រុលទៅបុករុញរថយន្តប្រាដូគាបជាប់នឹងរុឺម៉កម៉ូតូ ហើយមិនទាន់អស់ល្បឿនក៏ទៅបុកប៉ះរថយន្តព្រូសមួយគ្រឿងទៀតបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ស្ថិតនៅតាមផ្លូវលេខ១០៥កា ភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

តាមប្រភពនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុមានរថយន្តកូរ៉េ ម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E-0493 ដឹកឥដ្ឋពេញរថយន្ត បានបើកថយក្រោយក្នុងគោលបំណងចូលក្នុងការដ្ឋានសំណង់នៅក្បែរនោះ ក៏ប៉ុន្តែដោយសារច្រកចូលមានទួល ហើយមានទឹកភក់រអិលទៀតទើបធ្វើឲ្យរថយន្តបើកថយក្រោយឡើងមិនរួច បែរជារអិលទៅមុខហើយជាន់ហ្វ្រាំងមិនសុីទៀតក៏ជ្រុលទៅបុកពីទទឹងរថយន្តម៉ាក PRADO ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2X-7476 បើកបរដោយជនជាតិបារាំងពីជើងទៅត្បូងរុញផ្ទប់គាបជាប់នឹងរុឺម៉កម៉ូតូដឹកសម្ភារធ្វើសំណង់របស់កម្មករ ដែលកំពុងឈប់ចតស្ងៀមប្របចិញ្ចើមផ្លូវ និងបុកប៉ះរថយន្តមួយគ្រឿងទៀតម៉ាកព្រូស ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2BI-0804 បើកបរដោយស្ត្រីម្នាក់ពីត្បូងទៅជើងជ្រុះដាច់ស្លាកលេខ ត្រូវបានរថយន្តបង្កកិនជាប់ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើមិនបង្កឱ្យអ្នកណារងរបួសឡើយ គ្រាន់តែខូចខាតសម្ភារ និងធ្វើឲ្យកកស្ទះចរាចរណ៍ទាំងស្រុងមិនអាចឆ្លងកាត់បាន ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន កម្លាំងសន្តិសុខចុះមកជួយធ្វើអន្តរាគមន៍ សម្រួលចរាចរណ៍ រង់ចាំជំនាញចុះទៅពិនិត្យនិងអូសរថយន្តចេញដើម្បីឲ្យធ្វើចរាចរណ៍បានឡើងវិញ៕

...

ដោយ៖ និន សុភ័ស្ត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print