ភ្នំពេញ :លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា នៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ផ្តល់កិច្ចសម្ភាសន៍ដល់សារព័ត៌មាន EAC NEWS អំពី «តម្លៃនៃការគោរពរដ្ឋបុរសជាតិ សម្តេចឪ នរោត្តម សីហនុ»។ នេះបើយោងតាមផ្លូវការរបស់លោកបានបង្ហោះ នៅមុននេះបន្តិច ! នាវេលាម៉ោង៤រសៀលថ្ងៃនេះ ។
លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានថ្លែងយ៉ាងដូច្នេះថា, ថ្ងៃនេះ ខ្ញុំផ្តល់កិច្ចសម្ភាសន៍ដល់សារព័ត៌មាន EAC NEWS អំពី «តម្លៃនៃការគោរពរដ្ឋបុរសជាតិ សម្តេចឪ នរោត្តម សីហនុ» ដែលមានខ្លឹមសាររួមដូចតទៅ។ គំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការឱ្យកុលបុត្រខ្មែរទាំងអស់គោរពដល់រដ្ឋបុរសជាតិយើង នៅថ្ងៃ១៥ ខែតុលា គឺមានតម្លៃនិងអត្ថន័យសំខាន់ណាស់ចំពោះស្មារតីជាតិ និងព្រលឹងជាតិខ្មែរ ដែលរាប់រយឆ្នាំក្នុងប្រវត្តិសាស្ត្រខ្មែរ យើងហាក់មើលរំលងតម្លៃរដ្ឋបុរស និងអ្នកទាំងឡាយដែលមានគុណបំណាច់ចំពោះជាតិ។
លោកថ្លែងបន្តថា,
• សម្តេចឪ សីហនុ គឺជានិមិត្តរូបដាស់ស្មារតីខ្មែរថា ជាប្រទេសមួយគឺត្រូវតែមាន «ឯករាជ្យ» ដើម្បីធានាដល់សិទ្ធិស្វ័យសម្រេច នៃជោគវាសនាជាតិ។
• សម្តេចឪ សីហនុ គឺជានិមិត្តរូបនៃការផ្សះផ្សារជាតិ និងការឯកភាពជាតិ ហើយនាំកម្ពុជាកាលពីអតីតកាលរុងរឿងក្នុងអាស៊ី។
• ប្រជាជាតិមួយ គ្រួសារមួយ ត្រូវតែគោរពអ្នកមានគុណចំពោះជាតិ។ សម្តេចឪ សីហនុ គឺជានិមិត្តនៃតួអង្គនយោបាយប្រកបដោយសីលធម៌ មានសិល្បៈទំនាក់ទំនងទូលំទូលាយជាមួយទាំងមិត្តទីជិតនិងទីឆ្ងាយ និងមានស្មារតីជាតិនិយម។ សម្តេចឪ មានមិត្តជុំវិញពិភពលោកដូចជា លោក Charles de Gaulle, លោក John F. Kennedy, លោក Mao Zedong, លោក Zou Enlai, និងលោក Sukarno ជាដើម។ អ្នកនយោបាយទាំងឡាយ រួមទាំងពួកនិយមជ្រុលបច្ចុប្បន្ននេះផង បើធ្វើនយោបាយបង្កើតសត្រូវ សូម្បីជាមួយជាតិសាសន៍ឯង និងបង្កើតសត្រូវជាមួយមិត្តជិតខាង និងមិត្តធំៗលើពិភពលោក គឺជានយោបាយខុសឆ្គងហើយ។ នេះជានយោបាយបង្ហិនបង្ហោច។ តែបង្ហោច ឱ្យរលាយត្រឹមខ្លួនឯងចុះ។
• សម្តេចឪ សីហនុ នាំកម្ពុជាឯករាជ្យពីបារាំងដោយគ្មានការបង្ហូរឈាម ហើយសម្តេចតេជោ ហ៊ុន សែន បញ្ចប់អង្គការចាត់តាំងនយោបាយនិងយោធាខ្មែរក្រហម ដោយនយោបាយ ឈ្នះ-ឈ្នះ ដោយសន្តិវិធី នាំប្រទេសជាតិសុខសាន្តរីកចម្រើនមកដល់សព្វថ្ងៃ និងតទៅអនាគត។ បុលបុត្រខ្មែរ! ដំណើរជាតិរបស់យើង ត្រូវតែដើរបន្តតាមគន្លងនៃរដ្ឋបុរសយើង៕