សាធារណរដ្ឋកូរ៉េ៖ តាមផេកផ្លូវការរបស់ស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ បានបញ្ជាក់ឱ្យដឹងថា នៅថ្ងៃពុធ ទី១៣ ខែតុលា ឆ្នាំ២០២១ម្សិលមិញ លោកស្រីឯកអគ្គរាជទូត ជ្រឹង បទុមរង្សី និងក្រុមការងារអនុព័ន្ធការងារបានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយលោក Son Jung Ha ប្រធានមជ្ឈមណ្ឌលគាំពារពលករបរទេស និងក្រុមការងាររបស់លោកនៅតំបន់សេអ៊ូល។
ក្នុងនោះ លោកស្រីជ្រឹង បទុមរង្សីបានលើកឡើងអំពីចំណងសហប្រតិបត្តិការយ៉ាងស្អិតល្មួតរវាងស្ថានទូតកម្ពុជា ជាមួយមជ្ឈមណ្ឌលនាពេលកន្លងមក ដូចជាការជួយគាំពារពលករកម្ពុជា ការសហការរៀបចំកម្មវិធីសិក្ខាសាលា ការអប់រំ ក៏ដូចជាការបណ្ដុះបណ្ដាលជំនាញផ្សេងៗ ជូនដល់ប្រជាពលរដ្ឋខ្មែរនៅក្នុងតំបន់ផងដែរ។
បន្ទាប់មក លោកប្រធាន Son Jung Ha បានសម្ដែងនូវសេចក្ដីសោមនស្ស និងទឹកចិត្តត្រេកអរយ៉ាងខ្លាំងក្នុងការឃើញវត្តមានលោកស្រីឯកអគ្គរាជទូតកម្ពុជានៅមជ្ឈមណ្ឌលរបស់លោក ហើយលោកនិងក្រុមការងារសន្យាបន្តកិច្ចសហប្រតិបត្តិការឲ្យកាន់តែល្អប្រសើរបន្ថែមទៀត និងជួយជ្រោមជ្រែងស្ថានទូតកម្ពុជាឲ្យអស់ពីលទ្ធភាព។
ជាចុងក្រោយ លោកស្រីឯកអគ្គរាជទូតកម្ពុជា បានថ្លែងអំណរគុណទៅដល់មជ្ឈមណ្ឌលគាំពារពលករបរទេសដែលតែងតែជួយមើលថែទាំ និងគាំពារបងប្អូនប្រជាពលរដ្ឋខ្មែរបានល្អប្រសើរ ហើយលោកស្រីរំពឹងទុកថា ស្ថាប័នទាំងពីរនឹងមានគម្រោងថ្មីៗជាច្រើនជាមួយគ្នាបន្ថែមទៀតនាពេលខាងមុខ៕
ដោយ, សិលា