ភ្នំពេញ៖ យុវជនម្នាក់សង្ស័យប្រើប្រាស់សារធាតុញៀនលេីសកម្រិតរហូតបាត់បង់សតិវង្វេងវង្វាន់ដេីរឡើងទៅលើស្ពានអាកាសដីហុយ រួចលោតទម្លាក់ខ្លួនចុះមកក្រោមកម្ពស់៥,៥ម៉ែត្រ រងរបួសធ្ងន់ត្រូវរថយន្តសង្គ្រោះដឹកយកទៅមន្ទីរពេទ្យជាបន្ទាន់។
ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង៧ និង៥០នាទីព្រឹកថ្ងៃទី១៤ ខែតុលាឆ្នាំ២០២១ ស្ថិតនៅលើផ្លូវភ្នំពេញ-ហាណូយកែងនិឹងមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
តាមប្រភពពីបុរសម្នាក់ដែលធ្លាប់ស្គាល់យុវជនខាងលើបានប្រាប់ឱ្យដឹងថា យុវជននេះមានឈ្មោះ អាត់ មានអាយុជាង២០ឆ្នាំ ជាជនជាតិវៀតណាម ស្នាក់នៅម្តុំវត្តព្រះពុទ្ធ។
យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា នៅមុនពេលកើតហេតុមានយុវជនម្នាក់មានវ័យជាង២០ឆ្នាំបានដើរឡើងលើស្ពានអាកាសដីហុយ ប៉ុន្តែត្រូវបានសមត្ថកិច្ចឃេីញមានការសង្ស័យក៏ដេញឲ្យចុះទៅខាងក្រោមវិញ លុះមួយសន្ទុះក្រោយមក ស្រាប់តែយុវជនខាងលើបានដើរឡើងលើស្ពានអាកាសដីហុយម្ដងទៀត ហេីយមិនដឹងជាយ៉ាងម៉េចក៏លោតទម្លាក់ខ្លួនពីលើស្ពានដែលមានកម្ពស់៥,៥ម៉ែត្រចុះមកក្រោមដល់ដី បណ្ដាលឱ្យរងរបួសធ្ងន់ធ្ងរដេកសន្លប់ស្តូកស្តឹងនៅកណ្ដាលផ្លូវ និងបង្កឲ្យមានការកកស្ទះចរាចរណ៍មួយសន្ទុះផងដែរ ។
សមត្ថកិច្ចបានបញ្ជាក់ថា យុវជនខាងលេីនេះបានប្រេីប្រាស់សារធាតុញៀនលេីស
កម្រិតខ្លាំងពេក ទេីបធ្វេីឱ្យបាត់បង់ការគ្រប់គ្រងសតិអារម្មណ៍និងរវេីរវាយ
ហេីយក៏លោតទម្លាក់ខ្លួនចុះពីលេីស្ពានតែម្តងទៅ ។
ក្រោយកេីតហេតុយុវជនខាងលេីត្រូវបានសមត្ថកិច្ចទាក់ទងទៅខាងរថយន្តសង្គ្រោះបន្ទាន់ដេីម្បីឱ្យមកដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗផងដែរ ដេីម្បីកុំឱ្យមានការកកស្ទះចរាចណ៍ដល់ប្រជាពលរដ្ឋធ្វេីដំណេីរ ៕
ដោយ៖ និន សុភ័ស្ត