ភ្នំពេញ, សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រៃ្តយ៍រដ្ឋសភា នៅព្រឹកថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០២១ តាមប្រព័ន្ឋវីដេអូ។ ជាលទ្ឋផលកិច្ចប្រជុំបានអនុម័តទទួលយកសេចក្តី ព្រាងច្បាប់ចំនួនបី ដែលស្នើឡើងដោយរាជរដ្ឋាភិបាល ដើម្បីប្រគល់ជូនគណៈកម្មការជំនាញរដ្ឋសភាពិនិត្យនិងសិក្សា។
សេចក្តីព្រាងច្បាប់ទាំងបីនោះមាន៖
១- សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង បន្ថែមទៅលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ ទាក់ទងទៅនឹងការកាត់សេចក្តីនៅក្រោមច្បាប់កម្ពុជានូវឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងនៅក្នុងរយៈកាល នៃកម្ពុជាប្រជាធិបតេយ្យ ស្តីពីការរៀបចំក្នុងពេលអន្តរកាល និងការបញ្ចប់ ការងាររបស់អង្គជំនុំជម្រះវិសាមញ្ញ។
២- សេចក្តីព្រាងច្បាប់ស្តីពី ភាពជាដៃគូរវាងរដ្ឋ និងឯកជន
៣- សេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពី វិសោធនកម្មមាត្រា១៩ថ្មី មាត្រា៨២ថ្មី មាត្រា១០៦ថ្មី(មួយ) មាត្រា១១៩ថ្មី និងមាត្រា១៣៧ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ និងមាត្រា៤ នៃច្បាប់ធម្មនុញ្ញបន្ថែម សំដៅធានានូវដំណើរការជាប្រក្រតី នៃស្ថាប័នជាតិ។
ជាមួយគ្នានេះ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាក៍បានអនុម័តសំណើបោះឆ្នោត ផ្តល់សេចក្តីទុកចិត្តលើការ បំពេញបន្ថែមសមាសភាពសមាជិកនៃរាជរដ្ឋាភិបាលដល់ លោក ប៉ា សុជាតិវង្ស ជាទេសរដ្ឋមន្រ្តី ទទួលបន្ទុក បេសកកម្មពិសេស សម្រាប់ដាក់ក្នុងរបៀបវារៈក្នុងសម័យប្រជុំពេញអង្គរដ្ឋសភានាពេលខាងមុខ៕
ដោយ, សិលា