ខេត្តស្វាយរៀង៖ បុរសម្នាក់ដែលគេស្គាល់ថាជាបុគ្គលិក ផេនដា បានរងរបួសធ្ងន់ដោយត្រូវបាន
រថយន្តមិនស្គាល់ម៉ាក បើកបុកពីក្រោយយ៉ាងពេញទំហឹង បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរទាំងយប់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៥នាទីយប់ ថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២១ លើផ្លូវលេខ ៣១៤ ស្ថិតក្នុងភូមិ ឃោសាង សង្កាត់ ស្វាយតឿ ក្រុងស្វាយរៀង ។
យោងតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឱ្យដឹងថាបុរសរងគ្រោះមានឈ្មោះ សេន ពេជ អាយុ ២១ ឆ្នាំ មុខរបរ បុគ្គលិក ផេនដា រស់នៅភូមិ ចក ឃុំពង់ទឹក ស្រុក រំដួល ខេត្តស្វាយរៀង ។
ចំណែកអ្នកបើករថយន្តមិនបានស្គាល់ឈ្មោះនោះទេ ក្រោយពីបង្កហេតុបើកគេចខ្លួនភ្លាមបាត់ស្រមោលភ្លាមៗ។
តាមអ្នកភូមិបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់ដែលជាបុគ្គលិក ផេនដាបានជិះម៉ូតូមួយគ្រឿងម៉ាកស៊ុយសូគី Nex ពណ៌-ខ្មៅ ពាក់ផ្លាកលេខ ស្វាយរៀង ១L ៨១៥៥ក្នុងទិសដៅពីលិចទៅកើត លើផ្លូវលេខ ៣១៤ ហើយក៏បានឈប់ម៉ូតូលើចិញ្ចើមផ្លូវបែរ ខណ:នោះស្រាប់តែមានរថយន្តមួយគ្រឿងមិនស្គាល់ម៉ាក
ពណ៌-ស លាយទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ ២Y ៩០៧៨ បើកក្នុងទិសដៅស្របគ្នាក៏បុកយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង។
ក្រោយកើតហេតុអ្នកដែលរងរបួសធ្ងន់ត្រូវបានសមត្ថកិច្ចដឹកមកសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង ផងដែរ៕
ដោយ ៖ យឹម សុថាន