ខេត្តកណ្តាល៖ គួរឱ្យអាណោចអាធ័មណាស់ដល់៣នាក់បងប្អូនដែលជិះម៉ូតូឌុបគ្នាមកពីលេងឪពុកម្តាយនៅស្រុកកំណើត ត្រឡប់មកធ្វើការងារវិញត្រូវរថយន្តបុកស្លាប់ទាំង៣នាក់នៅលើទ្រូងផ្លូវធ្វើឱ្យប្រជាពលរដ្ឋនិងអ្នកដំណើររន្ធត់ចិត្តគ្រប់ៗគ្នា ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះបាន
កើតឡើងកាលពីថ្ងៃទី១៧ ខែតុលាឆ្នាំ២០២១ម៉ោង១៨និង៣០នាទី នៅលើផ្លូវជាតិលេខ១ ក្នុងចន្លោះ គីឡូម៉ែត្រលេខ ៣៤-៣៥ ត្រង់ចំណុចភូមិជ័យឧត្តម ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ជនរងគ្រោះទាំង៣នាក់ជិះម៉ូតូ១គ្រឿងឌុបគ្នាម៉ាក HONDA Beat សេ១១០
ពណ៌ក្រហម ពាក់ស្លាកលេខព្រៃវែង 1U-0951 បើកបរដោយឈ្មោះប្រឹស ស៊ីណេត ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិក្រសាំងចារ ឃុំសេនារាជឧត្តម ស្រុកព្រះស្តេច ខេត្តព្រៃវែង មានអ្នករួមដំណើរ០២នាក់ គឺឈ្មោះ ប្រឹស ចន្ថា ភេទស្រី អាយុ១៦ឆ្នាំ មានទីលំនៅភូមិក្រសាំងចារជាមួយអ្នកបើកម៉ូតូត្រូវជាប្អូន និងឈ្មោះព្រឹល ឡៃសៀក ភេទស្រី អាយុ ២៣ឆ្នាំ មានទីលំនៅភូមិគ្របបាយ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ត្រូវជាប្រពន្ធ
អ្នកបើក ។
ចំណែករថយន្តដែលបុកជនរងគ្រោះទាំង៣នាក់បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័មនៅលើផ្លូវជាតិនេះជាប្រភេទរថយន្តដឹកទំនិញធុនធំ ម៉ាក HYUNDAI MIGHTY ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 3E-3874 បើកបរដោយឈ្មោះឆេន សុភី ភេទប្រុស អាយុ៥១ឆ្នាំ មានទីលំនៅភូមិសាឡង់២ ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ។
តាមរបាយការណ៍របស់នគរបាលចរាចរណ៍ស្រុកកៀនស្វាយបានបង្ហាញថា មុនពេលគ្រោះថ្នាក់ ជនរងគ្រោះទាំង៣នាក់ជិះម៉ូតូឌុបគ្នាក្នុងទិសដៅពីអ្នកលឿងទៅភ្នំពេញ ពេលបើកមកដល់កន្លែងកើតហេតុអ្នកបើកម៉ូតូបានបើកឡើងទួលចូលផ្លូវរថយន្ត ស្រាប់តែក្រឡាច់ដួលម៉ូតូដោយខ្លួនឯងបោកមកខាងឆ្វេងដៃចូលមកបុកជាមួយរថយន្ត ដែលបើកមានទិសដៅផ្ទុយគ្នាពីភ្នំពេញទៅអ្នកលឿង បណ្តាលឱ្យបុកជនរងគ្រោះទាំង៣នាក់ស្លាប់នៅនឹងកន្លែងកើតហេតុ ឯម៉ូតូខូចធ្ងន់ និងរថយន្តខូចស្រាល ។
ក្រោយកើតហេតុអ្នកបើកបររថយន្តមិនបានចាកចេញពីកន្លែងកើតហេតុឡើយ។ ដោយខ្លាចក្រែងគ្មានសុវត្ថិភាពផ្ទាល់ខ្លួនអ្នកបើកបររថយន្តបានរត់ចូលកន្លែងសន្តិសុខយាមរបស់ក្រុមហ៊ុនបេតុងក្រឡុកសុីម៉ងត៍ជប៉ុននៅជិតកន្លែងកើតហេតុរង់ចាំសមត្ថមិច្ចមកទទួលយកទៅឆ្លើយបំភ្លឺ។
បច្ចប្បន្នផ្នែកជំនាញកំពុងសាកសួរលើអ្នកបើកបររថយន្តដែលបុកលើម៉ូតូបណ្ដាលឱ្យមនុស្សស្លាប់៣នាក់ ។
ចំណែកសាកសពសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យនៅស្រុកកំណើតក្នុងខេត្តព្រៃវែង៕
ដោយ៖ សណ្តោស