ភ្នំពេញ ៖ CMAC បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋរួមគ្នាលុបបំបាត់ការភ័យខ្លាច និងការគំរាមកំហែងដោយសារគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម ដើម្បីប្រែក្លាយទឹកដីសុវណ្ណភូមិដ៏កំសត់មួយនេះ ប្រកបដោយសុខសន្តិភាពបរិបូណ៌។ នេះបើតាមការបញ្ជាក់ពីលោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) នៅថ្ងៃទី១៨ ខែតុលានេះ
អគ្គនាយក មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បន្តឱ្យដឹងថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០២១នេះ មានជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមចំនួន ៣៤ ករណី។ តួលេខនេះបង្ហាញពីការថយចុះ ៣៨%បើប្រៀបធៀបទៅនឹងរយៈពេល ដូចគ្នាក្នុងឆ្នាំ២០២០ ដែលមានជនរងគ្រោះដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះរហូតដល់ទៅចំនួន ៥៥នាក់។ ក្នុងចំណោមជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមទាំង ៣៤ នាក់នោះក្នុងនោះរួមមានករណីស្លាប់ ១០នាក់ របួស១៨នាក់ និងពិការអវៈយវៈចំនួន ៦នាក់។
យោងតាមផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន ឆ្នាំ២០១៨-២០២៥ បានឱ្យដឹងថា នៅកម្ពុជាមានផ្ទៃដីសង្ស័យមានផលប៉ះពាល់ដោយសារមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាមប្រមាណជាង ១.៩៧០ គីឡូម៉ែត្រការ៉េ ក្នុងនោះប្រមាណ ៨៧៧ គីឡូម៉ែត្រការ៉េ ជាដីមានផលប៉ះពាល់ខ្ពស់ដោយសារមីន ៤៩៩ គីឡូម៉ែតការ៉េ ជាដីប៉ះពាល់ដោយគ្រាប់បែកចង្កោម និង ៣៣៣ គីឡូម៉ែត្រការ៉េ ជាដីមានផលប៉ះពាល់ដោយសារសំណល់ជាតិផ្ទុះពីសង្រ្គាម។
ផ្ទៃដីមានគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជិត២ពាន់គីឡូម៉ែត្រការ៉េនេះ កម្ពុជាត្រូវការថវិកាប្រមាណ ៤០៦ លានដុល្លារ សម្រាប់បោសំអាតរយៈពេលពីឆ្នាំ ២០១៨ ដល់ឆ្នាំ២០២៥ខាងមុខ៕
ដោយ៖ ជ្រោយពេជ្រ