ភ្នំពេញ៖ ពិតជាធ្វើឲ្យកក្រើកខ្លាំងកាលពីម្សិលមិញនេះបន្ទាប់ពីតារាកំប្លែងលំដាប់ជួរមុខអ្នកនាង ស្រេង សុកាន់ដា ហៅនាងខ្ញុងបានប្រកាសក្ស័យធនលើមុខជំនួញ និងជំពាក់បំណុលគេជុំទិសជាងកន្លះលានដុល្លារអាមេរិក និងបារម្ភពីការចាប់ខ្លួន បានធ្វើឲ្យនាងស្នើសុំប្រាក់ពីមហាជន១ដុល្លារម្នាក់ដើម្បីជួយកូនៗក្នុងបន្ទុក។ ក្នុងនេះគេសង្កេតឃើញមានសប្បុរសជនជាច្រើនបានបរិច្ចាកថវិកាជាបន្តបន្ទាប់ទៅកាន់តារាកំប្លែងរូបនេះផងដែរ។ ស្រាប់តែពេលនេះតារាសម្តែង លោក រតនៈ វិសិដ្ឋ បានប្រកាសអំពីស្នើសុំជំនួញពីទស្សនិកជនជួយដល់សិល្បករវ័យចំណាស់៤រូបដែលសុទ្ធសឹងតែជាតារាកំប្លែងបាត់បង់សមត្ថភាពឡើងឆាកបម្រើការកម្សាន្តរបស់ទស្សនិកជនលែងបាន មានដូច អ្នកកំប្លែង និងអាយ៉ៃ លោកយាយ ណយ សំណាង តារាកំប្លែង នាយចេក តារាកំប្លែង នាយក្តិប និងតារាកំប្លែងជើងចាស់នាយ សង់ស៊ីសនោះ។
តារាកំប្លែងទាំង៤រូបខាងលើមានវ័យចំណាស់ ខកខានឡើងឆាកសម្តែងអស់ជាច្រើនឆ្នាំ បាត់បង់សមត្ថភាពរកប្រាក់ចំណូល មានជំងឺប្រចាំកាយ និងជីវភាពខ្សត់ខ្សោយ ដែលត្រូវការជំនួយបន្ថែមពីសប្បុរសជន ដែលភាគច្រើនពួកគាត់បានចំណាយពេលវេលាស្ទើរពេញមួយជីវិតដើម្បីវិស័យសិល្បៈ និងបម្រើការកម្សាន្តរបស់ទស្សនិកជនផងដែរ។
តារាប្រុសស្រស់សង្ហារូបនេះបានប្រកាសនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនកាលពីព្រឹកថ្ងៃទី១៩ ខែតុលាឆ្នាំ២០២១នេះថា”ថ្ងៃនេះសុំតិចហើយ មើលចុះសុទ្ធតែតារាកំប្លែងជើងចាស់សួរថាហើយបើជ្រុលជួយគាំទ្រសិល្បះគួរនឹកឃើញដល់ពួកគាត់ផង។ពួកគាត់មិនទាន់ស្លាប់ទេ មិចក៏មើលរំលង។ចូរពិចារណាតាមការគួរសុំជួយពួកគាត់ផង តែ1$ ទេ ។នេះជាABA របស់ខ្ញុំ (000318478-BO VISETH)(ឡើងលេខ ABAនិងឈ្មោះ)។ខ្ញុំនឹងយកលុយទាំងអស់ដែលបានទៅជួយគាត់ផ្ទាល់។ មានការចែករំលែក និងគាំទ្រចំពោះសកម្មភាពមួយនេះពីសំណាក់អ្នកគាំទ្រលោក និងសិល្បកររួមអាជីពបផងដែរ។ ថ្លែងបញ្ជាក់បន្ថែមដល់សារព័ត៌មានយើង តារាប្រុសរូបនេះបានលើកឡើងថា ក្រោយពីការប្រកាសនេះលោកសង្កេតឃើញមានសប្បុរសជនមួយចំនួនបានផ្តល់ជំនួយតាមរយៈការប្រកាសនេះ។ លោកបានបញ្ជាក់ថា ការជួយឬមិនជួយទៅកាន់បុគ្គលណាម្នាក់គឺជាសិទ្ធិរបស់ពួកគាត់ ប៉ុន្តែលោកគ្រាន់តែចង់រំលឹកថាពួកគាត់បាត់បង់សមត្ថភាព ខកខានការឡើងសម្តែងរកប្រាក់ចំណូល ហើយបើទោះបីជាមានការជួយបែបណាគឺលោកពិតជាពេញចិត្ត និងចង់ចែករំលែកអំពីអ្វីដែលមានចំពោះគ្នាតែប៉ុណ្ណោះ ហើយលោកនឹងចុះទៅជួបនិងបែបចែកថវិការជំនួននេះដោយតម្លាភាព៕