អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃទី២០ខែតុលា(ពេលវេលានៅអាមេរិក)បានប្រកាសពីគម្រោងចេញបណ្តេញសង្គមថ្មីផ្ទាល់របស់លោក ដែលមានឈ្មោះថា បណ្តាញសង្គម “TRUTH Social”។ បណ្តេញនេះគឺស្ថិតនៅក្នុង ក្រុមហ៊ុនបច្ចេកវិទ្យានិងបណ្តាញផ្សព្វផ្សាយរបស់លោកត្រាំ (TMTG)។ លោកត្រាំបានប្រកាសថា «ខ្ញុំបានបង្កើតបណ្តាញសង្គម “TRUTH Social” និងបណ្តាញព័ត៌មាន TMTG ដើម្បីប្រឆាំងនឹងបណ្តាញសង្គមធំៗផ្សេងទៀត។ យើងបានរស់នៅក្នុងសង្គម ដែលក្រុមតាលីបង់បង្ហាញវត្តមានច្រើននៅលើបណ្តាញសង្គម Twitter ខណៈប្រធានាធិបតីអាមេរិក ដែលទទួលបានការស្រឡាញ់ចូលចិត្តពីមហាជនបែរជាគ្មានសំឡេងក្នុងសង្គម ។ ទាំងនោះជារឿងមិនអាចទទួលយកបានឡើយ»។ អតីតប្រធានាធិបតីត្រាំបានបញ្ជាក់ទៀតថា «ខ្ញុំពិតជារីករាយយ៉ាងខ្លាំង ដែលបានចុះផ្ញើការណ៍ពិតដំបូងបង្អស់របស់ខ្លួននៅលើបណ្តាញ សង្គម TRUTH Social ក្នុងពេលដ៏ខ្លីខាងមុខ ។ ចំណែកប្រព័ន្ធផ្សព្វផ្សាយ TMTG ត្រូវបានបង្កើតឡើងក្នុងតួនាទីជាសំឡេងរបស់មនុស្សគ្រប់រូប។ តាមគម្រោងគេហទំព័រ “TRUTH Social” នឹងបង្ហាញវត្តមានសម្រាប់ភ្ញៀវអញ្ជើញដំបូងនៅចុងខែវិច្ឆិកា។ ក្រោយមកនឹងបើកដំណើរការជាផ្លូវការនៅត្រីមាសទីមួយឆ្នាំ២០២២។ លោកត្រាំត្រូវបានហាមប្រាមប្រើប្រាស់បណ្តាញសង្គម ហ្វេសប៊ុក និង Twiiter តាំងពីដើមឆ្នាំ ក្រោយពេលមានអំពើហិង្សានៅវិមានកាពីតូល នាថ្ងៃទី៦ខែមករា ក្នុងពេលកំពុងតែប្រជុំសភាអាមេរិកអនុម័តលទ្ធផលបោះឆ្នោត ៕ដោយសាធី
រូបថត៖ Reuters.