អង្គការសុខភាពពិភពលោក WHO បានព្រមានថា កូវីដ១៩ អាចបន្តអូសបន្លាយជាង១ឆ្នាំទៀត ដោយសារតែប្រទេសក្រីក្រមិនទាន់មានវ៉ាក់សាំងប្រឆាំងកូវីដ ១៩ ដោយសារតែប្រទេសអ្នកមានប្រមូលទិញអស់។ សារព័ត៌មានBBC នៅថ្ងៃទី ២១ខែតុលា បានដកស្រង់សំដី លោក Bruce Aylward មន្ត្រីជាន់ខ្ពស់របស់អង្គការWHO បានវាយតម្លៃថា កូវីដ ១៩ អាចអូសបន្លាយដល់ឆ្នាំ២០២២។ លោកបានបញ្ជាក់ថា ពលរដ្ឋទ្វីបអាហ្វ្រិកមិនដល់៥%ផងបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ ១៩ ចំណែកបណ្តាទ្វីបផ្សេងទៀត ទទួលបានការចាក់វ៉ាក់សាំងជាង ៤០%ហើយ។ លោក Bruce Aylward បានអំពាវនាវដល់បណ្តាប្រទេសអ្នកមានថយក្រោយមួយជំហាន ដើម្បីទុកឲ្យក្រុមហ៊ុនផលិតវ៉ាក់សាំង លក់ទៅឲ្យប្រទេសក្រីក្រ ។ គិតត្រឹមថ្ងៃទី ២១ខែតុលានេះ នៅទូទាំងពិភពលោកមានករណីឆ្លងកូវីដ ១៩ កើនឡើងដល់ទៅជាង ២៤២,៨ លាននាក់ហើយនិងស្លាប់សរុបជាង ៤,៩លាននាក់ និងជាសះស្បើយពីជំងឺកូវិដ ១៩ ជាង ២២០លាននាក់ផងដែរ ។ ប្រទេសដែលឆ្លងច្រើនជាងគេគឺអាមេរិកដដែលដោយមានអ្នកឆ្លងជាង ៤៦លាននាក់ និងស្លាប់ជាង ៧៥១ពាន់នាក់ ។ លំដាប់ទីពីរគឺឥណ្ឌាមានករណីឆ្លងជាង ៣៤លាននាក់ និងស្លាប់ជាង ៤៥២ពាន់នាក់ និងលំដាប់ទីបីគឺប្រេស៊ីលមានករណីឆ្លងសរុបជាង២១,៦លាននាក់ និងស្លាប់ជាង ៦០៤ពាន់នាក់។ បច្ចុប្បន្នមានពលរដ្ឋដល់ទៅជាង ៦,៧២ពាន់លាននាក់ហើយនៅជុំវិញពិភពលោក បានចាក់វ៉ាក់សាំងកូវីដ១៩ បានមួយដូស និងចាក់គ្រប់ចំនួនពីរដូសមាន២,៨៧ពាន់លាននាក់ ៕ដោយ៖សាធី
រូបថត៖Getty Images.