ខេត្តកែប៖ នេះបេីយោងតាមប្រភពព័ត៍មានពីរដ្ឋបាលខេត្តកែប បានឱ្យដឹងថា នៅក្នុងឱកាសលោក សោម ពិសិដ្ឋ អភិបាលខេត្តកែប អញ្ជើញជួបជាមួយលោក ប៉ាទ្រីក ម័រហ្វី (W. PATRICK MURPHY) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ដើម្បីពិភាក្សាការងារ និងសំដែងការគួសម បានជម្រាបជូនគណៈប្រតិភូ ដោយសង្ខេប ទាក់ទងទៅនឹងសក្តានុពល និង ស្ថានភាពទូទៅ នៃខេត្តកែប ក៏ដូចជាភាពរីកចំរើនគ្រប់វិស័យពិសេសលើការងារគ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការធានាសិទ្ធសេរីភាព និងពង្រឹងលទ្ធិប្រជាធិបតេយ្យ នៅក្នុងខេត្តកែប។ បន្ថែមពីនេះ លោកអភិបាលខេត្ត បានអំណរគុណចំពោះស្ថានទូត និងរដ្ឋការសហរដ្ឋអាមេរិច ដែលតែងផ្តល់ជំនួយ លើវិស័យអប់រំ កសិកម្ម ជំនួយក្នុងវិស័យដោះមីន ពិសេសជំនួយក្នុងយុទ្ធធាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ។
សូមជម្រាបថា ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក ប៉ាទ្រីក ម័រហ្វី (W. PATRICK MURPHY) នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ម្សិលមិញនេះ បានអញ្ជើញធ្វើទស្សនកិច្ចមកកាន់ខេត្តកែប និងចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប។
ជាមួយនឹងការលើកឡើង នូវប្រសាសន៍សម្ដែងនូវការកោតសរសើរ ចំពោះ រាល់សមិទ្ធផលរីកចម្រើន របស់ខេត្តកែប លោក ប៉ាទ្រីក ម័រហ្វី (W. PATRICK MURPHY) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានបញ្ជាក់ថា លោក មកទស្សនកិច្ចខេត្តកែប និងជួបពិភាក្សាជាមួយលោកអភិបាលខេត្ត នាពេលនេះ ដើម្បីស្វែងយល់អំពីការងារគ្រប់គ្រង និងការទប់ស្កាត់ការឆ្លងរីករាល នៃជំងឺកូវីដ-១៩ ក៏ដូចជា ស្វែងយល់អំពីសក្តានុពល និងការងារអភិវឌ្ឍន៍ នៅក្នុងខេត្តកែប ។ លោកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក បន្តថាបន្ទាប់ពីការជួបពិភាក្សាការងារជាមួយ ឯកឧត្ដម អភិបាលខេត្តកែប ដោយផ្ទាល់ រួមជាមួយនឹងការស្វែងយល់ អំពីស្ថានភាពជាក់ស្ដែង លោកបានយល់ដឹងកាន់តែច្បាស់ អំពីប្រវត្តិសាស្ត្រ និងប្រពៃណី ក៏ដូចជា បញ្ហាប្រឈមនានា នៅក្នុងខេត្តផងដែរ និជម្រុញកិច្ចសហប្រតិបត្តិការ រវាងស្ថានទូតអាមេរិក និងខេត្តកែប អោយកាន់តែប្រសើរឡើងថែមទៀត ។
លោកឯកអគ្គរដ្ឋទូត បានបញ្ជាក់បន្ថែមថា សហរដ្ឋអាមេរិក បានផ្តល់ថវិកាមួយផ្នែក ដល់យន្តការកូវ៉ាក់ ។ ជាក់ស្ដែងនាពេលថ្មីៗនេះ ប្រធានាធិបតីសហរដ្ឋអាមេរិក បានប្រកាសផ្ដល់ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយផ្ទាល់ ទៅកាន់ពិភពលោក ដែលក្នុងនោះប្រទេសកម្ពុជា គឺជាគោលដៅមួយផងដែរ ក្រៅពីនោះ ក៏មានយន្តការ ជំនួយទាក់ទងជាមួយវិស័យសុខាភិបាល វិស័យអប់រំ និងកសិកម្មជាដើម៕
ដោយ៖សហការី