ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៌មានពីផេកហ្វេសប៊ុករបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងនៅរសៀលថ្ងៃសុក្រទី២២ ខែតុលា ឆ្នាំ២០២១នេះថា៖ មន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ ខេត្តកោះកុង បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ សៀមរាប ត្បូងឃ្មុំ រតនគីរី កែប និងខេត្តស្ទឹងត្រែង គិតចាប់ពីនៅថ្ងៃទី១៦ រហូតដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ បានខិតខំយកចិត្តទុកដាក់ថែទាំលើ កំណាត់ផ្លូវជាតិលេខ៤១, លេខ៥ ,លេខ៦ ,លេខ៧ ,លេខ៣៣ ,លេខ២ លេខ៤៤ ,លេខ៥៦ ,លេខ៥៩ ,លេខ៦៨ ,លេខ៣៣A ,លេខ៦៤ លេខ៥៩ ,លេខ៥៧ ,លេខ៦៧ ,លេខ៧២ ,លេខ៧៣ ,លេខ៧៨ ,លេខ៤៨ និងផ្លូវថ្នល់មួយចំនួនផ្សេងទៀតដែលបានរងការខូចខាត។
ជាក់ស្ដែង នៅលើកំណាត់ផ្លូវខ្លះ បានក្លាយជាជង្ហុកសំបុកមាន់ ក៏ត្រូវបានក្រុមការងារមន្ទីរចុះថែទាំ ជួសជុល ដើម្បីជួយសម្រួលដល់ការដឹកជញ្ជូនឆ្លងកាត់ និងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋកាន់តែមានភាពងាយស្រួល ។
ក្រសួងសាធារណការ បានឱ្យដឹងទៀតថា ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ឱ្យបានឆាប់ធូរស្រាលពីកម្ពុជា សូមបងប្អូនប្រជាពលរដ្ឋរក្សាអនាម័យឱ្យបានជាប់ជានិច្ច និងគោរពតាមគោលការណ៍រាជរដ្ឋាភិបាល ៣ការពារ ៣កុំ និងចូលរួមចាក់វ៉ាក់សាំង តាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល ឱ្យបានគ្រប់ៗគ្នា។
បន្ថែមពីនេះ ក្រសួង ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ប្រសិនជួបបញ្ហាផ្លូវថ្នល់ខូច មានជង្ហុកសំបុកមាន់ សូមថតរាយការណ៍មកក្រសួង ដោយប្រើប្រាស់កម្មវិធីថែទាំផ្លូវ (Road Care Mobile App) ដេីម្បីចូលរួមថែរក្សាផ្លូវថ្នល់របស់យេីង អាចប្រើប្រាស់បានយូរអង្វែង៕
ដោយ៖សហការី