ភ្នំពេញ, នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ លោក ណេប សាមុត អគ្គលេខាធិការ គ.ជ.វ.ទ និងជាអគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ តំណាងដ៏ខ្ពង់ខ្ពស់លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានចូលរួមធ្វើជាអធិបតីភាពក្នុងកម្មវិធីសិក្ខាសាលា ស្តីពី “នីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ផ្សារសាធារណៈ និងផ្សារទំនើប” និងដោយមានការចូលរួមពីលោក-លោកស្រី មកពីក្រសួង-ស្ថាប័នពាក់ព័ន្ធចំនួនសរុប ១៥០រូប។ កម្មវិធីសិក្ខាសាលានេះផ្តោតទៅលើរបៀបវារៈសំខាន់ៗចំនួន០២គឺ៖
១.នីតិវិធីប្រតិបតិ្តស្តង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ផ្សារសាធារណៈ
២.នីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ផ្សារទំនើប។
ការរៀបចំនីតិវីធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ផ្សារសាធារណៈ និងផ្សារទំនើបនេះនឹងចូលរួមដល់ការអនុវត្តផែនការយុទ្ធសាស្រ្តរៀនរស់ក្នុងគន្លងប្រក្រតីភាពថ្មីរបស់រាជរដ្ឋាភិបាលកម្ពុជា និងវិធានការគោលនយោបាយជំរុញទេសចរណ៍ផ្ទៃក្នុងឆ្នាំ២០២១-២០២៣ និងផែនការយុទ្ធសាស្រ្ត ស្តីពី ការបើកទទួលទេសចរណ៍វ៉ាក់សាំង របស់រាជរដ្ឋាភិបាលដែលគ្រោងនឹងដាក់ឱ្យអនុវត្តនាពេលខាងមុខ៕
ដោយ, សិលា