ស្រវឹងស្រាខ្លាំងពេកបេីករថយន្តបុករបាំងថ្មធ្លាក់ចូលប្រឡាយលិចបាត់​ តែសំណាងល្អបានពលរដ្ឋជួយសង្គ្រោះទាន់

ចែករំលែក៖

​ ភ្នំពេញ​ ៖​ បុរសម្នាក់បេីករថយន្តទាំងស្ថានភាពស្រវឹងស្រាបានជ្រុលចង្កូតទៅបុករបាំងថ្មដែលគេដាក់បាំងប្រឡាយ​ទឹកស្អុយបឹងត្របែក​ បណ្ដាលឲ្យធ្លាក់ទាំងរបាំងថ្ម​និងរថយន្ត​ចូលទៅក្នុងប្រឡាយទឹកស្អុយ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋចុះទៅជួយស្រង់តៃកុងចេញក្នុងរថយន្ត​ទាន់ពេលវេលា​ ។
​ ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១​និង២០នាទីរំលងអធ្រាត្រ​ ឈានចូលថ្ងៃទី​២៣​ ខែតុលា​ ឆ្នាំ​២០២១​ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១០៥​ ក្នុងសង្កាត់បឹងត្របែក​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​ ។
​ យោងតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនពេលកេីតហេតុគេឃេីញរថយន្តបង្កម៉ាក​ Range Rover ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ​ 2AT-8678 បេីកបរដោយបុរសម្នាក់​ធ្វេីដំណេីរតាមបណ្ដោយផ្លូវលេខ១០៥​ពីជេីងទៅត្បូងក្នុងល្បឿនលឿន​។ ខណៈមកដល់ចំណុចកេីតហេតុក៏ឃើញរថយន្តនេះរេចង្កូតមកខាងឆ្វេងដៃទៅបុករបាំងថ្មដាក់បាំងប្រឡាយ​ បណ្ដាលឲ្យធ្លាក់ទាំងរបាំងថ្មនិងរថយន្ត​បង្កចូលក្នុងប្រឡាយទឹកស្អុយ​ ព្រមទាំងធ្វេីឲ្យតៃកុងគាបជាប់ក្នុងរថយន្ត ហេីយត្រូវបានបងប្អូនប្រជាពលរដ្ឋចុះទៅជួយស្រង់និងជួយសង្គ្រោះទាន់ពេលវេលា​មិនបង្កឲ្យមនុស្សរងរបួសនោះទេ​ ។
​ ក្រោយកេីតហតុ​ តៃកុងរថយន្តបង្កត្រូវបានសមត្ថកិច្ចមូលដ្ឋានឃាត់ខ្លួនបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន​ ដេីម្បីសួរនាំ​ ។ រីឯរថយន្តបង្កក៏ត្រូវសមត្ថកិច្ចទាក់ទងទៅរថយន្តស្ទួចឲ្យមកស្ទួចយកទៅរក្សាទុក​រង់ចាំម្ចាស់ចូលខ្លួនដោះស្រាយតាមច្បាប់​ ៕​

...

ដោយ​ ៖​ ជីម​ ភារ៉ា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print