ខេត្តព្រះសីហនុ៖ យុវជនម្នាក់ក្នុងចំណោម៣នាក់ត្រូវបានគេបញ្ជូនកាន់គ្លីនិចឯកជនភ្លាមៗ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចណ៍ដោយខ្លួនឯង កាលពីវេលាម៉ោង១៧ និង៤៥នាទីល្ងាចថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៦ នៅចំណុចចំណោទក្បែរសាលាសង្កាត់លេខ២ ស្ថិតក្នុងភូមិ០២ សង្កាត់លេខ២ ក្រុង-ខេត្តព្រះសីហនុ។
យោងតាមប្រភពពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងបង្កដោយខ្លួនឯង គ្រាដែលចុះចំណោត ហើយជាន់ហ្វ្រាំងមិនស៊ី ក៏ជ្រុលទៅធ្លាក់ផ្លូវក្បែរការដ្ឋានកំពុងសាងសង់ក្រឡាប់រងរបួសធ្ងន់ម្នាក់ និងស្រាល២នាក់។ ជនរងមានឈ្មោះ ហួត វណ្ណី ភេទប្រុស អាយុ២៧ឆ្នាំមានមុខរបរបើកបរ មានទីលំនៅភូមិភូមិអូតាប៉ាង ឃុំអូឧកញ្ញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រងរបួសធ្ងន់ រីឯមនុស្ស២នាក់ទៀតរងរបួសស្រាលមិនស្គាល់អត្តសញ្ញាណនោះទេ។
យោងតាមសាក្សីដែលនៅក្បែរកន្លែងកើតហេតុបានអះអាង នៅមុនកើតហេតុគេបានឃើញ រថយន្តតាក់ស៊ីនេះបានដឹកផ្លែស្វាយចេញពីផ្សារវាលរេញ ស្រុកព្រៃនប់ មកកាន់ក្រុងព្រះសីហនូ ហើយនៅពេលចុះចំណោត ប្រហែលតៃកុងរថយន្តពុំមានការប្រុងប្រយ័ត្ន ទើបធ្វើឲ្យមានហេតុការណ៍នេះកើតឡើង តែសំណាងហើយពុំមានប៉ះពាល់ដល់អ្នកដ៏ទៃ។
សូមបញ្ជាក់ផងដែរថា ចំណុចទីតាំងកើតហេតុខាងលើនេះជាញឹកញ៉ាប់ គេតែងសង្កេតឃើញ មានរថយន្តមួយចំនួនបានរងគ្រោះធ្លាក់ជង្ហុក(អតីតៈមហោស្របចាស់) បណ្តាលឲ្យរងរបួសជាច្រើននាក់ផងដែរ៕
ដោយ៖ ឆ្លាម សមុទ្រ
...