លោកឃួង ស្រេង ធ្វើដំណើរថ្មើរជើងផងជិះម៉តូផងពេញ១ថ្ងៃទី២៥តុលានេះបន្តចុះត្រួតពិនិត្យនិងបញ្ជាផ្ទាល់ដើម្បីទប់ស្កាត់គ្រោះមហន្តរាយដោយទឹកជំនន់ស្ទឹងព្រែកត្នោត 

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានធ្វើដំណើរថ្មើរជើងផងជិះម៉តូផងពេញមួយថ្ងៃនៃថ្ងៃទី២៥ ខែតុលា ២០២១នេះ ពោលគឺចាប់តាំងពីព្រឹករហូតដល់ល្ងាច លោកអភិបាលរាជធានីភ្នំពេញនៅតែបន្តចុះត្រួតពិនិត្យនិងបញ្ជាផ្ទាល់ដល់អាជ្ញាធរនិងមន្ទីរជំនាញ ដោយប្រើប្រាស់អស់គ្រប់មធ្យោបាយធ្វើយ៉ាងណាទប់ស្កាត់ឱ្យបាននូវការបាក់ទំនប់សណ្តស្ទឹងព្រែកត្នោត ។

នៅល្ងាចថ្ងៃដដែលនេះ លោកអភិបាលរាជធានីភ្នំពេញបានជិះម៉ូតូដោយខ្លួនឯង ដើម្បីពិនិត្យស្ថានភាពទឹកនៅតាមបណ្តាសណ្តស្ទឹង និងបានបញ្ជាឱ្យកងកម្លាំងនិងមន្ត្រីជំនាញទប់ស្កាត់ឱ្យបានការហូរច្រោះរន្ធនាគនៅលើទំនប់សណ្តស្ទឹងព្រែកត្នោត នៅក្នុងភូមិសាស្ត្រសង្កាត់សាក់សំពៅនិងសង្កាត់ព្រៃស ខណ្ឌដង្កោ ដែលអាចបង្កឱ្យមានហានិភ័យដល់ការបាក់ទំនប់ការពារទឹកជំនន់នេះបាន បើមិនមានវិធានការទាន់ពេល ។

បើតាមការបញ្ជាក់ពីមន្ត្រីជំនាញបានឱ្យដឹងថា ស្ថានភាពទឹកជំនន់ស្ទឹងព្រែកត្នោត គិតមកដល់ល្ងាចថ្ងៃទី២៥តុលានេះ មិនមានអ្វីប្រែប្រួលឱ្យធ្ងន់ធ្ងរនៅឡើយទេ ដោយសារតែក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកអភិបាលរាជធានីភ្នំពេញ ការងារទប់ស្កាត់គ្រោះមហន្តរាយនេះយើងបានប្រើប្រាស់កម្លាំងសរុបអនុវត្កការងារភ្លាមៗ ទាំងការទប់ទំនប់ឱ្យបានខ្ពស់ មានវិធានការទប់ស្កាត់ទឹកហូរតាមរន្ធនាគ ជាមួយនឹងការត្រៀមលក្ខណៈទុកជាមុន ក្នុងរយៈពេលវែង ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី លោកឃួង ស្រេងនៅតែដាក់បញ្ជាយ៉ាងម៉ឺងម៉ាត់ឱ្យអាជ្ញាធរ និងកងកម្លាំងទាំងអស់ត្រូវតែនៅជាប់ជាមួយប្រជាពលរដ្ឋ ពេលមានហានិភ័យអ្វីកើតឡើង យើងអាចដោះស្រាយឆ្លេីយតប ជួយសង្គ្រោះបានទាន់ពេលវេលា ដោយមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយយេីងមិនបានដឹង និងមិនបានដោះស្រាយនោះឡេីយ ៕ .សំរិត

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print