រយៈពេល​បីថ្ងៃ​ កម្លាំង​នគរបាល​ខេត្ត​កោះកុង​ បេី​កប្រតិបត្តិការបង្រ្កាបករណីគ្រឿងញៀនជាង ២០០គីឡូក្រាម មានប្រភពមកពីប្រទេសឡាវ

ចែករំលែក៖

ខេត្ត​កោះកុង៖ បើ​តាមលោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង បានឱ្យដឹងនៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ​២០២១នេះថា៖​ បានបេីកប្រតិបត្តិការបង្ក្រាប​ និងឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់សរុបចំនួ​ន​ ៧នាក់​ រួម​នឹង​គ្រឿងញៀន ប្រភេទ ហេរ៉ូអ៊ីនជាង ២០០ គីឡូក្រាម មកពីប្រទេសឡាវ ត្រៀមនាំចេញ ទៅប្រទេសថៃ។

លោកស្នងការនគរបាលខេត្តកោះកុង បានឱ្យដឹងទៀតថា​ ជនសង្ស័យខាងលើនេះ​ ព្រមទាំងវត្ថុតាងគ្រឿងញៀនរាប់រយគីឡូនេះ​ ត្រូវ​បានធ្វេីពិធីបង្ហាញមុខជនសង្ស័យ ក្រោមវត្តមានលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ម្សិលមិញ​នេះ​ ក្រោយ​សមត្ថកិច្ចបង្រ្កាប នៅស្រុកស្រែអំបិល កាលពីថ្ងៃទី២២ តុលាកន្លងទៅ ហេីយ​ក្រុមនេះ​ គឺជាមុខសញ្ញាជួញដូរគ្រឿងញៀនដ៏ធំមួយ មកពីប្រទេសឡាវ នាំចេញ ទៅប្រទេសថៃ។

លោកឧត្តមសេនីយ៍ទោ គង់ មនោ បានបន្ថែមថា​ ក្នុង​ដំណើរការ នៃប្រតិបត្តិការបង្រ្កាប និងបន្តការស៊ើបអង្កេតនេះ​ គឺប្រេីរយៈពេលអស់ ៣ថ្ងៃ ទើបដឹងព័ត៌មានលម្អិតថា មានសកម្មភាពជួញដូរគ្រឿងញៀន គឺពុំមែនដឹកជញ្ចូនមកពីប្រទេសថៃ ចូលមកកម្ពុជានោះទេ ពោលគឺជនសង្ស័យបានដឹកចេញពីប្រទេសឡាវ ឆ្លងកាត់ខេត្តផ្សេងៗ របស់កម្ពុជា រហូតដល់ខេត្តកោះកុង ដែលមានបំណងចង់នាំចេញទៅលក់ នៅប្រទេសថៃ។

លោកស្នងការ បានឱ្យដឹងទៀតថា​ សមត្ថកិច្ចជំនាញរបស់លោក បានឃាត់ខ្លួនមេខ្លោងចំនួន ២នាក់ ជាជនជាតិថៃ ព្រមទាំងសារធាតុញៀនទម្ងន់ ២១២,៤ គីឡូក្រាម រឹបអូសរថយន្ត ១ គ្រឿង ទូកនេសាទធុនធំ ១គ្រឿង ហើយបន្តឈានទៅឃាត់ខ្លួនមនុស្សពាក់ព័ន្ធ ៥នាក់ផ្សេងទៀតផង។

គួរកត់សម្គាល់ថា នេះជាការបង្រ្កាបបទល្មើសជួញដូរគ្រឿងញៀន លក្ខណៈទ្រង់ទ្រាយធំ លើកទី១ ហើយ ក្នុងតំណែងដឹកនាំ ដោយលោកឧត្តមសេនីយ៍ទោ គង់ មនោ ស្ថិតនៅ ចំណុចកន្លែងកើតហេតុ ចំនួន ២ មាត់ពាមស្រែអំបិល ភូមិកំពង់ស្តាំ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល។

ដោយឡែក​បេី​តាមការបញ្ជាក់ពី​ព្រះរាជអាជ្ញារងសាលាដំបូងខេត្តកោះកុង លោក អេង ចាន់ភារ៉ា​ បានឱ្យដឹងដែរថា​ ការបង្ក្រាបមួយនេះ គឺជាការបង្ក្រាបទ្រង់ទ្រាយធំ ដោយមិនមានការផ្ទុះអាវុធ ។ មុខសញ្ញាដែលឃាត់ខ្លួន បាន មានខ្យែបណ្តាញ នាំចូលមកពីប្រទេសឡាវ ឆ្លងកាត់តាមខេត្តស្ទឹងត្រែង ខេត្តព្រះសីហនុ ចូលមកខេត្តកោះកុង ឆ្ពោះទៅគោលដៅ នៅឯប្រទេសថៃ។

បច្ចុប្បន្ន​ជនសង្ស័យ ៧ នាក់​ រួម​ទាំង​វត្ថុ​តាង ត្រូវបានអយ្យការ សាលាដំបូងខេត្ត ចោទប្រកាន់ ពីបទរក្សាទុក ដឹកជញ្ចូន ឬជួញដូរ ដោយខុសច្បាប់ នូវសារធាតុញៀន មាត្រា ៤០ នៃច្បាប់ ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។ ដាក់ពន្ធនាគារ ពី ២០ ទៅ ៣០ ឆ្នាំ ឬផ្តន្ទាទោស អស់មួយជីវិត ហើយពិន័យជាថវិកា ៤០ លាន ដល់ ១០០ លានរៀល៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print