តុលាការសម្រេចឃុំខ្លួនស្ត្រីជនជាតិចិន៣នាក់ដែលនាំទា.រកឆ្លងដែនខុសច្បាប់

ចែករំលែក៖

ភ្នំពេញ ៖ បន្ទាប់ពីបញ្ចប់ការស៊ើបសួរអស់រយៈពេល០៤ថ្ងៃ លោក កី ម៉ានេរ៉ា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅល្ងាច ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១នេះ បានសម្រេចចេញដីកាឃុំ ខ្លួន ស្រ្តីជនជាតិចិន ចំនួន ៣នាក់ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ពាក់ព័ន្ធករណី នាំយកចេញដោយមិនស្របច្បាប់ (សម្រាប់ការនាំ ទា.រកឆ្លងដែនខុសច្បាប់) ។

លោកចៅក្រមស៊ើបសួរ សម្រេចឃុំខ្លួនស្ត្រីជនជាតិចិនទាំង៣នាក់ បន្ទាប់ពីលោក សឿ ឡងឌី ព្រះរាជអាជ្ញារងតំណាងឲ្យការអម សាលាដំបូង បានសម្រេចធ្វើការចោទប្រកាន់ជនជាប់សង្ស័យជា ផ្លូវការ ។

គួររំលឹកថា ស្រ្តីជនជាតិចិន៣ នាក់កាលពីរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ នេះ ត្រូវបានកម្លាំងសមត្តកិច្ចនគរបាលនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស នឹងការពារអនីតិជន ចាប់ឃាត់ខ្លួនបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណី.នាំទារកឆ្លងដែនខុសច្បាប់ ។

ជនសង្ស័យជាជនជាតិចិន៣ នាក់នោះមាន១.ឈ្មោះ LI BINGRONG ភេទស្រី អាយុ៣៩ ឆ្នាំ ២.ឈ្មោះ WEI QIUCHAN ភេទស្រី អាយុ៥២ ឆ្នាំ នឹង៣.ឈ្មោះ ZHANG QIAN ភេទស្រី អាយុ២៥ ឆ្នាំ ។

ទាក់ទិននឹងការចាប់ឃាត់ខ្លួនស្រ្តីជនជាតិចិន៣ នាក់បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញនោះ ប្រភពព័ត៌មានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ កម្លាំងសមត្តកិច្ចនគរបាលប្រចាំច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដោយមានការសង្ស័យ បានធ្វើការឃាត់ខ្លួនស្ត្រីចិន៣ នាក់ ដូចមានឈ្មោះខាងលើ ក្នុងករណីកំពុងប្រព្រឹត្តបទល្មើសជាក់ស្តែង បីទារកអាយុមិនលើសពី១ឆ្នាំ ម្នាក់មួយៗ បម្រុងជិះយន្តហោះឆ្លងដែនទៅកាន់ប្រទេសចិន ។

ក្រោយឃាត់ខ្លួនស្រ្តីចិន៣ នាក់នោះ សមត្ថកិច្ចនគរបាលច្រកទ្វារព្រលានយន្តហោះអន្តរជាតិភ្នំពេញ បានសហការ នឹងប្រគល់ជនសង្ស័យទាំង៣ នាក់ និងទារកទាំង៣ ឲ្យទៅសមត្ថកិច្ចជំនាញ នៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស នឹងការពារអនីតិជន ដើម្បីបន្តនីតិវិធី ។ ដូច្នោះហើយទើបជនសង្ស័យត្រូវបានសមត្តកិច្ចការិយាល័យប្រឆាំងការជួញដូរមនុស្សឆ្លងដែន កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ។ ចំណែកទារកមានភេទប្រុស.ភេទស្រី អាយុមិនលើសពី១ឆ្នាំ ត្រូវបានសមត្ថកិច្ចនគរបាលនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានប្រគល់ឲ្យទៅមន្ទីរសង្គមកិច្ច យកទៅចិញ្ចឹមបីបាច់ថែទាំជាបណ្តោះអាសន្ន ។

បន្ទាប់ពីតំណាងអយ្យការ បានបើកការស៊ើបសួរ រួចបានធ្វើការចោទប្រកាន់ជនសង្ស័យជាផ្លូវការ នឹងចាត់បញ្ជូនទៅខាង ចៅក្រមស៊ើបសួរ ដើម្បីសម្រេចឃុំខ្លួនស្ត្រីជនជាតិចិនទាំង៣នាក់ នោះ ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន នាល្ងាចថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១នេះ ៕

...

ដោយ រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print