ខេត្តស្វាយរៀង: លោក នួន លីហួន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀងក្រើនរំលឹកដល់មន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យាទាំងអស់ ត្រូវគោរពបទបញ្ជាផ្ទៃក្នុង និងបន្តខិតខំប្រឹងប្រែង ពង្រឹងការងារជំនាញអោយកាន់តែរីកចម្រើននិងបន្តផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាពខ្ពស់។
ការក្រើនរំលឹករបស់លោក នួន លីហួន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀងបានធ្វើឡើងនៅព្រឹកថ្ងៃពុធ ៦រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល ការងារប្រចាំខែតុលា ឆ្នាំ២០២១ និងទិសដៅអនុវត្តការងារបន្តនៅសាលប្រជុំធំមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង។
ក្នុងឪកាសនោះក៏មានការ ចូលរួមពី លោកអនុប្រធានមន្ទីរ លោក លោកស្រី ប្រធានការិយាល័យចំណុះមន្ទីរ និងលោកប្រធានសេវាដ្ឋាន សរុបចំនួន ១៧នាក់ ។
បន្ទាប់ ពី កញ្ញា រស់ ណាវី ប្រធានការិយាល័យកិច្ចការទូទៅ បានអានលិខិតបង្គាប់ការ ស្តីពីការកែសម្រួល ភារកិច្ចមន្រ្តីរាជការមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង ឆ្នាំ២០២១រួចមកលោកនួន លីហួនប្រធានមន្ទីរ បានថ្លែងការ កោតសរសើរនិងវាយម្លៃខ្ពស់ចំពោះលោក លោកស្រីថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្រ្តីជាប់កិច្ចសន្យាទាំងអស់ ដែលខិតខំប្រឹងប្រែងបំពេញការងារយ៉ាងសកម្ម ក្នុងឆ្នាំ២០២១ កន្លងមកនេះ ។
លោកប្រធានមន្ទីរ បន្តថាផ្ដើមចេញពីលទ្ធផលសម្រេចបានខាងលើ ថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង សូមបន្តសាមគ្គីផ្ទៃក្នុង និងសហការគ្នា ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ផ្លូវ ថ្នល់ ស្ពាន លូ និងស្តារឡើងវិញ នូវប្រព័ន្ធដឹកជញ្ជូនផ្លូវទឹក កំពង់ផែ ឲ្យក្លាយជាបណ្តាញគមនាគមន៍ដឹកជញ្ជូន ដែលងាយស្រួល មានសុវត្ថិភាព និងសមត្ថភាព អាចដឹកជញ្ជូន បានឆាប់រហ័ស ដោយតម្លៃទាប ដែលតភ្ជាប់ពីទីប្រជុំជនទៅជនបទ និងផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធផល និងគណនេយ្យភាព គួរជាទីមោទនៈ ។
លោកប្រធានមន្ទីរ បានផ្ដាំផ្ញើដល់មន្ត្រីរាជការ និងមន្រ្តីជាប់កិច្ចសន្យាទាំងអស់ ត្រូវបន្តអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល គឺរក្សាអនាម័យលាងដៃឱ្យបានញឹកញាប់ ពាក់ម៉ាស់ និងរក្សាគម្លាតពីគ្នា ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ព្រមទាំងគោរពច្បាប់ចរាចរណ៍ផ្លូវគោក ឲ្យបានខ្ជាប់ខ្ជួន ដើម្បីផ្ដល់ភាពជាគំរូដល់បងប្អូនប្រជាពលរដ្ឋ ផងដែរ។ ដោយ យឹមសូថា