ភ្នំពេញ៖ បុរសម្នាក់រួមដំណើរជាមួយនារីម្នាក់ទៀត បើករថយន្តស៊េរីទំនើបមួយគ្រឿងក្នុងល្បឿនលឿនជ្រុលទៅបុកបង្គោលភ្លើងថ្មមួយដើមពេញទំហឹងហើយបានបោកទៅនឹងបញ្ជាំងឃ្លាំងលក់រថយន្តមួយកន្លែង រងការខូចខាតយ៉ាងដំណំ តែ សំណាងល្អមិនបង្កឱ្យមានអ្នករបួសឡើយ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ នៅចំណុចមុខឃ្លាំងលក់រថយន្តមួយកន្លែងជាប់នឹងរង្វង់មូល (នាងកិន្នរ) តាមបណ្ដោយផ្លូវ OCIC ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់រួមដំណើរនឹងនារីម្នាក់ទៀតបើករថយន្តស៊េរីទំនើបមួយគ្រឿងពណ៌សពាក់ស្លាកលេខកម្ពុជាMONIKA 09 ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងដោយប្រើល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតទៅខាងស្ដាំដៃជ្រុលទៅបុកបង្គោលភ្លើងថ្មមួយដើមពេញទំហឹងបណ្តាលឲ្យរថយន្តទៅបោកនឹងជញ្ជាំងឃ្លាំងលក់រថយន្ត បណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ ឯរថយន្តបង្កហេតុបានរងការខូចខាតស្ទើរតែទាំងស្រុង។ បន្ទាប់មកអ្នកបើកបរនិងអ្នករួមដំណើរបានចុះពីលើរថយន្តហើយយកស្លាកលេខរថយន្តទៅជាមួយ គេចខ្លួនបាត់។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់ បន្ទាប់មកក៏ឃើញម្ចាស់រថយន្តបានមកកន្លែងកើតហេតុវិញ រួចសមត្ថកិច្ខឱ្យធ្វើការសម្របសម្រួលជាមួយម្ចាស់ឃ្លាំងលក់រថយន្តដើម្បីបញ្ចប់េរឿងនៅកន្លែងកើតហេតុតែម្តង៕
ដោយ៖សុខាសែនជ័យ