ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៦ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ លោក យិន សារឿន បានសម្រេចផ្តន្ទាទោស ឧក្រិដ្ឋជន ប្លន់រួចចាប់រំលោភម្នាក់ ដាក់ពន្ធនាគារ ៨ឆ្នាំ និងពិន័យប្រាក់ ៨លានរៀល ក្រោយបានរកឃើញថា ពិតជាបានធ្វើសកម្មភាព ប្លន់គ្រឿងអលង្ការ រួចចាប់រំលោភសេពសន្ថវៈ នារីរងគ្រោះប្រាកដមែននោះ។
លោក ចៅក្រម យិន សារឿន បានឲ្យដឹងថា ជនសង្ស័យ ដែលត្រូវផ្តន្ទាទោសនោះ ឈ្មោះ ជៀង ថារ៉ូ អាយុ៣៣ឆ្នាំ ត្រូវបាននគរបាលខណ្ឌជ្រោយចង្វាឃាត់ខ្លួន កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៥ បន្ទាប់ពីធ្វើសកម្មភាពល្មើសប្លន់និងចាប់រំលោភនារីរងគ្រោះម្នាក់ នៅចំណុចគល់ស្ពានលីយ៉ុងផាត់ ភូមិព្រែកតារដ្ឋ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា។
នៅក្នុងសវនាការ ជនជាប់ចោទ ជៀង ថារ៉ូ បានសារភាពថា ពិតជាបានយកកាំភ្លើងខ្លីភ្ជង់គំរាម យកគ្រឿងអលង្ការ និងទូរស័ព្ទដៃ ម៉ាកអាយហ្វូន ពីនារីរងគ្រោះឈ្មោះ ស.រ.ភ ប្រាកដមែន តែមិនបានរំលោភសេពសន្ថវៈនោះទេ។
ចំណែកនារីរងគ្រោះវិញបានចោទជនសង្ស័យថាបានគំរាមយកគ្រឿងអលង្ការ ទូរស័ព្ទដៃម៉ាកអាយហ្វូន និងប្រាក់មួយចំនួន ហើយបង្ខំឲ្យស្រាតខោឲ្យជននេះ រំលោភលើម៉ូតូយ៉ាងសាហាវ រហូតបានសម្រេច ទើបភ្ជង់កាំភ្លើងឲ្យនាងរត់ចេញពីកន្លែងរំលោភនោះ ហើយក៏ជិះម៉ូតូគេចខ្លួនបាត់ ។ លុះក្រោយមកឃើញជនសង្ស័យនៅមុខហាងខារ៉ាអូខេហ្សង់អេលីហ្សេ ផ្លូវលេខ៦៣ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន ក៏ប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួនតែម្តង៕
ដោយ៖ ប្រាថ្នា