មេភូមិគឺជាអ្នកទទួលខុសត្រូវមុនគេក្នុងការដែលមានគេរំលោភយកប្រឡាយ ចំណីផ្លូវនិងផ្លូវ

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៩ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១នេះ លោក ម៉ៅ បូរ៉ា ប្រធានក្រុមប្រឹក្សាខណ្ឌព្រែកព្នៅបានលើកឡើងថា ក្នុងភូមិសាស្ដ្រខណ្ឌព្រែកព្នៅ យើងមានប្លង់មេ និងបានអនុម័តរួចហើយ ចាប់ពីពេលនេះទៅ បើមានការរំលោភយកប្រឡាយ ចំណីផ្លូវនិងផ្លូវ តើនរណាជាអ្នកទទួលខុសត្រូវ ? ភូមិ សង្កាត់ ឬខណ្ឌ ជាអ្នកទទួលខុសត្រូវនោះ?
ឆ្លើយតបទៅនឹងសំណួរនេះ លោក ស៊ូ ស៊ីវុត្ថា ប្រធានការិយាល័យរៀបចំដែនដី នគ
រូបនីកម្ម សំណង់និងភូមិបាលខណ្ឌព្រែកព្នៅបានបញ្ជាក់ថា មានការរំលោភយកប្រឡាយ ចំណីផ្លូវនិងផ្លូវ អាជ្ញាធរជាអ្នកទទួលខុសត្រូវ ក្នុងនោះមេភូមិគឺជាអ្នកទទួលខុសត្រូវមុនគេ ព្រោះគាត់នៅផ្ទាល់ទៅនឹងភូមិសាស្ដ្រដែលខ្លួនមើលការខុសត្រូវ ដូចនេះរាល់ការរំលោភបំពារបំពាន គឺគាត់បានដឹងមុនគេ។
លោកបានបន្ដថា ប្លង់គោលនៅក្នុងភូមិសាស្ដ្រខណ្ឌព្រែកព្នៅ ការិយាល័យ ភូមិបាលខណ្ឌបានប្រគល់ជូនទៅភូមិសង្កាត់រួចអស់ហើយ ទាំងផ្លូវ ទាំងប្រឡាយ និងទំហំផ្លូវក៏បានបញ្ជាក់ក្នុងផែនទីយ៉ាងច្បាស់លាស់ដែរ ដូចនេះបើមានការរំលោភបំពាន មេភូមិពិតជាដឹង ប៉ុន្ដែមិនមែនឱ្យគាត់ប្រើកម្លាំងទៅទប់ស្កាត់នោះទេ គឺត្រូវរាយការណ៍មករដ្ឋបាលសង្កាត់ ហើយសង្កាត់ត្រូវចុះត្រួតពិនិត្យជាបន្ទាន់ រួចរាយការណ៍មកការិយាល័យជំនាញដើម្បីផ្នែកជំនាញ
បញ្ជូនព័ត៌មាននេះទៅគណៈកម្មការដីធ្លីថ្នាក់ខណ្ឌ ដែលមានលោកអភិបាលខណ្ឌជាប្រធាន ដើម្បីមានវិធានការទប់ស្កាត់បានទាន់ពេលវេលា។
លោកប្រធានការិយាល័យភូមិបាល បានលើកឡើងថា កិច្ចការនេះត្រូវធ្វើរួមគ្នាទៅតាមជំនាញរៀងៗខ្លួនតាំងពីថ្នាក់ភូមិដល់ថ្នាក់ខណ្ឌ ដោយចាប់ផ្ដើមពីមេភូមិមុនគេ ហើយប្រជាពលរដ្ឋដែលរស់នៅជិតទីតាំងដែលត្រូវរំលោភនោះក៏អាចចូលរួមក្នុងកិច្ចការនេះដែរដោយត្រូវរាយការណ៍មកអាជ្ញាធរ ព្រោះគាត់ក៏ជាម្ចាស់នៃទីតាំងដែលគេត្រូវរំលោភនោះដែរ។
ក្នុងឱកាសនោះផងដែរលោក សុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ បានណែនាំដល់រដ្ឋបាលសង្កាត់ត្រូវពង្រឹងភូមិឱ្យបានរឹងមាំ ព្រោះភូមិជាភ្នែកជាច្រមុះ ជាសេនាធិការឲ្យសង្កាត់ បើភូមិរឹងមាំ ការរំលោភបំពារបំពានលើប្រឡាយ ផ្លូវ ឬចំណីផ្លូវជាដើមគឺមិនអាចកើតឡើងបានឡើយ។
ជាមួយគ្នានេះលោកអភិបាលខណ្ឌបានបញ្ជាក់ផងដែរពីការទទួលខុសត្រូវលើផ្លូវដែលបានសាងសង់ហើយ គឺក្រុមហ៊ុនសាងសង់ជាអ្នកទទួលខុសត្រូវទៅតាមរយៈពេលក្នុងកិច្ចសន្យា ពេលផុតការធានារបស់ក្រុមហ៊ុន គឺម្ចាស់គម្រោងជាអ្នកទទួលខុសត្រូវ ដោយគម្រោងនៅក្នុងខណ្ឌព្រែកព្នៅម្ចាស់គម្រោងមានទាំងសង្កាត់ ខណ្ឌ និងសាលារាជធានី ។ជាមួយនឹងការថែទាំផ្លូវនេះ លោកអភិបាលខណ្ឌក៏មានគម្រោងលើកស្លាក ហាមរថយន្ដធុនធ្ងន់ចតនៅលើផ្លូវសំខាន់ៗ ដែលគ្រោងធ្វើឡើងនាពេលឆាប់ៗនេះ ព្រោះនៅលើបណ្ដាផ្លូវមួយចំនួនក្នុងខណ្ឌព្រែកព្នៅ មានរថយន្ដធំៗធុនធ្ងន់ចតគ្មានសណ្ដាប់ធ្នាប់លើទ្រូងផ្លូវ ដែលធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់ ស្រុតខូចផ្លូវ ស្ទះចរាចរណ៍ បាត់បងសណ្ដាប់ធ្នាប់ និងបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ផងដែរ៕

...

ដោយ ៖ ព្រែកសំរោង

ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print