ភ្នំពេញ៖ នៅវេលាម៉ោង៥ និង៣០នាទីល្ងាចថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៦ កម្លាំងនគរបាលខណ្ឌចំការមន កំពុងល្បាតក្នុងមូលដ្ឋាន បានឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីបុរសម្នាក់ដែលកំពុងជិះមូ៉តូកង់បី តាមបណ្ដោយផ្លូវលេខ៣៣៨ ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ជនសង្ស័យទី១ មានឈ្មោះ សុខ ពៅ ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅម្ដុំសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក និងមុខរបរមិនពិតប្រាកដ។ ចំណែកជនរងគ្រោះមានឈ្មោះ កែវ យូ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរលក់ដូរស្នាក់នៅសង្កាត់អូរឬស្សីទី៣ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះកំពុងតែជិះកង់បីក្នុងទិសដៅពីត្បូងទៅជើង ស្រាប់តែមានជនសង្ស័យម្នាក់ជិះម៉ូតូ១គ្រឿងម៉ាកហុងដាBeATPOPអត់ពាក់ស្លាក់លេខ ស្រាប់តែមកធ្វើសកម្មភាពឆក់ទូរស័ព្ទដៃមា៉កiPhone 6ពីជនរងគ្រោះបានសម្រេចរួចបានព្យាយាមគេចខ្លួនហើយតែត្រូវនគរបាលខណ្ឌចំការមនឃាត់ខ្លួនបានភ្លាមៗតែម្តង។
បច្ចុប្បន្នជនសង្ស័យរួមនឹងមូ៉តូត្រូវបាននគរបាលឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីសួរនាំនិងចាត់ការតាមនីតិវិធី។ ចំណែកទូរស័ព្ទដៃសមត្ថកិច្ចបានប្រគល់ឲ្យទៅជនរងគ្រោះវិញ៕
ដោយ៖ ស រស្មី