សង្ស័យស្រវឹងស្រាបើករថយន្តបុករះចូលកន្លែងលក់មីឆាបណ្ដាលឲ្យស្ត្រីម្នាក់រងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ ៖ បុរសជនជាតិបរទេសម្នាក់សង្ស័យស្រវឹងស្រាបានបើករថយន្តក្នុងល្បឿនលឿនរេចង្កូតទៅបុករះចូលទីតាំងលក់មីឆាមួយកន្លែងបណ្ដាលឱ្យស្ត្រីម្នាក់ដែលជាអ្នកលក់រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩ និង៤០នាទីយប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវភ្នំពេញ-ហាណូយក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តម៉ាក ហ្វដ មួយគ្រឿងពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2BI- 8718បើកបរដោយបុរសជនជាតិបរទេសម្នាក់សង្ស័យស្រវឹងស្រាបានបើកបរយ៉ាងលឿនក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ត្រង់ចំណុចកើតហេតុស្រាប់តែរេចង្កូតមកស្ដាំដៃបុករះចូលទីតាំងលក់មីឆាមួយកន្លែងបណ្ដាលឱ្យស្ត្រីម្នាក់ដែលជាអ្នកលក់មីឆារងរបួសធ្ងន់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ចំណែកសម្ភារខូចខាតរួមមានទូដាក់លក់មីឆា១ កង់១ និងសម្ភារមួយចំនួនទៀត រីឯរថយន្តបង្កហេតុរងការខូចខាតផ្នែកខាងមុខ។ចំពោះអ្នកបើករថយន្តត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួនយកទៅឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខរង់ចាំប្រគល់ឲ្យសមត្ថកិច្ចជំនាញ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់រួចបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយតាមផ្លូវច្បាប់៕

...

ដោយ៖ និន សុភ័ស្ត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print