ខេត្តបន្ទាយមានជ័យៈ មនុស្ស០២នាក់បានស្លាប់ភ្លាមៗក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តធំបុកជាមួយរថយន្តតូច នៅវេលាម៉ោង ០៥និង៤០នាទីល្ងាចថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ ល្ងាច លើកំណាត់ផ្លូវជាតិលេខ៦ ខាងលិចស្ពានត្បែងប្រហែល ៤០០ម៉ែត្រ ស្ថិតនៅភូមិរំដួល ឃុំភ្នំលៀបស្រុកព្រះនេត្រព្រះ ។
លោក មាស ប្ញទ្ធី អធិការនគរបាលស្រុក ព្រះនេត្រព្រះ បានឲ្យដឹងថា ជនរងគ្រោះ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ មានឈ្មោះ គង់ ឆាយទាំង ភេទ ប្រុស អាយុ ២៩ឆ្នាំ នៅភូមិ៤សង្កាត់ បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ អ្នកបើកបររថយន្តនិង អ្នករួមដំណើរ ឈ្មោះគង់ ព្រូ ភេទប្រុសអាយុ ៣៧ឆ្នាំនៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ក្រុងភ្នំពេញ ។
លោកអធិការ បានបញ្ជាក់ថា៖ នៅមុនពេលកើតហេតុ មានរថយន្តមួយគ្រឿងម៉ាកHIGH LANDER ពណ៌ប្រផេះ ពាក់ផ្លាកលេខ ភ្នំពេញ 2S-7653 បើកបរដោយឈ្មោះ គង់ ឆាយទាំង បានបើកពីទិសខាងកើតទៅខាងលិច មានល្បឿនលឿនពេលមកដល់ចំណុចកើតហេតុខាងលើ បានបែកកង់ក្រោយខាងស្ដាំហើយបានរ៉េចង្កូតចុះរ៉េឡើងមកទទឹងកណ្ដាលទ្រូងផ្លូវ នៃគន្លងផ្លូវខាងស្ដាំ ស្របពេលនោះមានរថយន្តមួយគ្រឿងម៉ាកHINOពណ៌ខៀវ ក្បាលរថយន្ត ពាក់ផ្លាកលេខ ព្រះសីហនុ 3A-2451 និងសឺម៉ីរឺម៉ក ពាក់ផ្លាកលេខ ព្រះសីហនុ 4A-3150 បើកមកពីទិសខាងលិចទៅខាងកើតបានបុករថយន្ត HIGH LANDER ដែលនៅទទឹងផ្លូវចំពាក់កណ្ដាលតួរថយន្តខាងឆ្វេងពេញទំហឹង បណ្តាលឲ្យអ្នកបើកបរនិងអ្នករួមដំណើររកៀបជាប់ក្នុងរថយន្តស្លាប់នៅនឹងកន្លែងទាំង០២នាក់ ។ ចំណែកអ្នកបើកបររថយន្ត HINO បានរត់គេចខ្លួនពី កន្លែងកើតហេតុ ។ ចំពោះរថយន្តទាំង០២គ្រឿងខូចខាតធ្ងន់ ។ សពជនរងគ្រោះទាំង០២នាក់ត្រូវបានកម្លាំងជំនាញចរាចរណ៍ នៃអធិការដ្ឋាននគរបាលស្រុក ព្រះនេត្រព្រះ យកមកតំកល់ទុក នៅវត្តរហាល រង់ចាំសាច់ញាតិមកពីទីក្រុងភ្នំពេញ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ដោយ វណ្ណា