ភ្នំពេញ÷ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) នៅព្រលប់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ បានបញ្ជាក់យ៉ាងដូច្នេះថា, ខែវិច្ឆិកា ឆ្នាំ២០២១ រៀងរាល់ឆ្នាំ គឺជាការផ្តើមយុទ្ធនាការ “ភ្នំពេញស្អាត” ដែល សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានចូលរួមផ្តួចផ្តើមគំនិត និងបន្តការគាំទ្ររយៈពេល ៥ឆ្នាំមកហើយ។ លោកប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានថ្លែងបន្តថា, ដោយឡែកនៅក្នុងឆ្នាំ២០២១នេះ “ភ្នំពេញស្អាត” បានចាប់ផ្តើមយុទ្ធនាការរបស់ខ្លួន ក្រោមទិសស្លោក “ទម្លាប់ថ្មី ទម្លាប់ស្អាត”ដែលកម្មវិធីបើកយុទ្ធនាការត្រូវបានរៀបចំឡើងក្រោមបរិបទនៃបែបបទរស់នៅគន្លងថ្មី តាមរយៈប្រព័ន្ធវីដេអូអនឡាញ zoom meeting platform នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។
សូមបញ្ជាក់ថា, ក្នុងនាម ជាសហស្ថាបនិកមួយរូបនៃគម្រោងស្អាត លោក ហ៊ុន ម៉ានី បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះយុទ្ធនាការនេះ ដែលបានរួមចំណែកក្នុងការអប់រំ និងលើកកម្ពស់ការយល់ដឹងដល់ប្រជាជន និងយុវជនអំពី ការទុកដាក់សម្រាម អនាម័យ និងការស្រលាញ់បរិស្ថាន ដែលបានជះឥទ្ធិពលវិជ្ជមានដល់សង្គម ជាពិសេសបានរួមចំណែកដល់ការលើកកម្ពស់មុខមាត់ ក៏ដូចជាបរិស្ថានរស់នៅរបស់សហគមន៍។
សូមជម្រាបជូនថា យុទ្ធនាការ “ភ្នំពេញស្អាត” ត្រូវបានចាប់ផ្តើមចាប់តាំងពីឆ្នាំ២០១៧ ក្នុងគោលបំណងផ្សព្វផ្សាយ បញ្រ្ជាបសារអប់រំអំពីការថែរក្សាអនាម័យ បរិស្ថាន ជាពិសេសការទុកដាក់សម្រាម ដោយផ្តោតចម្បងទៅលើប្រជាពលរដ្ឋដែលរស់ក្នុងរាជធានីភ្នំពេញ ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍ដ៏សំខាន់មួយរបស់ព្រះរាជាណាចក្រកម្ពុជា។ សូមបងប្អូនប្រជាពលរដ្ឋទូទៅ យុវជន យុវនារី ទាំងអស់មេត្តាចូលរួមធ្វើជាអគ្គរាជទូតសុឆន្ទៈ និងជាអ្នកនាំពាក្យនៃយុទ្ធនាការ ភ្នំពេញស្អាត២០២១ តាមរយៈការធ្វើជាគម្រូ និងការពន្យល់ដល់អ្នកនៅជុំវិញខ្លួន. និងសហគមន៍ដែលអ្នករស់នៅអំពីទម្លាប់រស់នៅស្អាត , ទម្លាប់ថ្មីទម្លាប់ស្អាត ៕
ដោយ, សិលា