ខេត្តស្ទឹងត្រែង : នៅរសៀលថ្ងៃចន្ទ ១១រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ លោក ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានអនុគណ:កម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ខេត្ត បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជុំទី១ ជូនកុមារដែលមានអាយុ ៥ឆ្នាំ។ ពិធីបានប្រព្រឹត្តទៅ ក្នុងបរិវេណ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត និងមានការអញ្ជើញចូលរួមពីសំណាក់ លោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ព្រមទាំង លោក លោកស្រីប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ជាច្រើនរូប។
លោក ស្វាយ សំអ៊ាង បានរំលឹកដល់បងប្អូនប្រជាពលរដ្ឋ បើទោះបីបានចាក់វ៉ាក់សាំងការពាររួចរាល់ហើយក្តី ក៏កុំភ្លេចខ្លួន និងមានការធ្វេសប្រហែស ហើយត្រូវបន្តចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវវិធានការនានារបស់ក្រសួងសុខាភិបាល និងវិធានការការពារ ៣ការពារ និង៣កុំ របស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី ដើម្បីកាត់ផ្តាច់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍របស់យើង។
ក្នុងឱកាសដែលមាតាបិតា និងអាណាព្យាបាល ដែលនាំកូនចៅមកទទួលវ៉ាក់សាំង ក៏បានសម្តែងអារម្មណ៍សប្បាយរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាលកម្ពុជា ពិសេសក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារដែល មានអាយុ ៥ឆ្នាំ បន្ថែមទៀត ក្នុងគោលដៅកាត់ផ្ដាច់ការគំរាមកំហែងនៃមេរោគកូវីដ-១៩ តាមរយៈការបង្កើន ការគ្របដណ្តប់នៃវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ត យុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារដែលមានអាយុ ៥ឆ្នាំ បានចាប់ផ្តើមនៅថ្ងៃទី ១ ខែ វិច្ឆិកា ឆ្នាំ២០២១ នេះតទៅ តាមមណ្ឌលចាក់វ៉ាក់សាំងនានា នៅក្នុងមូលដ្ឋានក្រុង ស្រុកទាំង៦ តាមរយៈការអញ្ជើញ និងទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋាន មាតាបិតា-អាណាព្យាបាល របស់កុមារដែលត្រូវចាក់វ៉ាក់សាំងទាំងអស់ ត្រូវភ្ជាប់មកជាមួយនូវ សំបុត្រកំណើត សៀវភៅគ្រួសារ ឬឯកសារបញ្ជាក់ចាក់អត្តសញ្ញាណ៕