បុរសម្នាក់បើករថយន្តCRVបុករបាំងថ្មពុះចែកទ្រូងផ្លូវ រួចបន្តទៅបុកចូលផ្ទះប្រជាពលរដ្ឋមួយកន្លែង បណ្តាលឲ្យសន្លប់មួយសន្ទុះ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តCRVមួយគ្រឿងក្នុងល្បឿនលឿនបានជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យបាក់អស់មួយកង់ ឯរថយន្តមិនទាន់អស់ល្បឿនបានបន្តទៅបុកចូលផ្ទះប្រជាពលរដ្ឋមួយកន្លែង រងការខូចខាតយ៉ាងដំណំ ឯរថយន្តទៅមុខលែងរួច ចំណែកអ្នកបើកបរបានសន្លប់មួយសន្ទុះត្រូវបានបងប្អូនប្រជាពលរដ្ឋជួយសង្គ្រោះទាន់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២ រំលងអាធ្រាត្រឈានចូលថ្ងៃទី ២ ខែវិច្ឆិកាឆ្នាំ ២០២១ នៅចំណុចទស្តុបព្រលានថ្មី តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់កាកាបទី ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋឃើញហេតុការណ៍នេះបានឲ្យដឹងថាថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តម៉ាកCRVមួយគ្រឿងពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2H-1950ធ្វើដំណើរទិសដៅពីកើតទៅលិចក្នុងល្បឿនលុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យបាក់អស់មួយកង់ ចំណែករថយន្តបង្កមិនទាន់អស់ល្បឿនបានបន្តទៅមុខប្រមាណជា ៣០ ម៉ែត្រ ទៅបុកផ្ទះប្រជាពលរដ្ឋរងការខូចខាត ឯរថយន្តទៅមុខលែងរួច។ភ្លាមនោះតៃកុងរថយន្តបានសន្លប់មួយសន្ទុះនៅក្នុងរថយន្ត តែត្រូវបានបងប្អូនប្រជាពលរដ្ឋនៅកន្លែងកើតហេតុនាំគ្នាជួយសង្គ្រោះយកចេញពីរថយន្ត ខណៈដែលសមត្ថកិច្ចមកដល់ធ្វើការឃាត់ខ្លួនតែម្តង។ ចំណែករថយន្តរងការខូចខាតស្ទើរទាំងស្រុង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕

...

ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print