ខេត្តក្រចេះ ៖ នារសៀលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ចៅក្រមស៊ើបសួរ
សាលាដំបូងខេត្តក្រចេះ បានចេញដីកាបង្គាប់ឱ្យឃុំខ្លួនជនត្រូវចោទ ទេព ហ៊ុយ ដែលជាមេបញ្ជាការកងរាជអាវុធហត្ថក្រុងក្រចេះ បន្ទាប់ពីជននេះបានប្រើអំពើហិង្សាលើកុមារី២នាក់ ជាអនីតិជន ដែលជាអ្នកស៉ីឈ្នួលបម្រើនៅផ្ទះរបស់ខ្លួន ដោយទះកំភ្លៀង វ៉ៃនឹងកៅអីជ័រ ជាន់ក បោចសក់ ធ្វើទារុណកម្ម បង្ខំសំឡុតអោយសុីអាចម៍ឆ្កែនោះ។
សូមបញ្ជាក់ថា, សាលាដំបូងខេត្តក្រចេះបានចេញបទចោទប្រកាន់លើជនត្រូវចោទ ទេព ហ៊ុយ នេះពីបទប្រើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះ បទគំរាមកំហែងថានឹងសម្លាប់ ប្រព្រឹត្តនៅហាងលក់រថយន្ត ម៉ូតូ និងទូរស័ព្ទដៃទំនើប យីហោ «លាង ហ៊ុយ» នៅចំណុចផ្លូវកណ្ដាល ភូមិត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ និងនៅចំណុចភូមិរកាកណ្ដាល១ សង្កាត់រកាកណ្ដាល ក្រុងក្រចេះ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១។
ពាក់ព័ន្ធជនកំណាច អសីលធម៌ សាហាវឃោរឃៅ អមនុស្សធម៌ ?! សូមជម្រាបថា មេបញ្ជាការអាវុធហត្ថក្រុងក្រចេះ លោក ទេព ហ៊ុយ ត្រូវបានកម្លាំងអាវុធហត្ថតាមចាប់ឃាត់ខ្លួនវាយខ្នោះនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ ក្រោយបុគ្គលរូបនេះបានប្រើហិង្សា និងទារុណកម្មយ៉ាងធ្ងន់ធ្ងរទៅលើក្មេងស្រីទាំង២នាក់ដែលជាអ្នកស៉ីឈ្នួលបម្រើក្នុងផ្ទះ រហូតត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ដោយឡែក បក្ខពួកឈ្មោះ គឹម សុវណ្ណារិទ្ធ ត្រូវបានចាប់ឃាត់ខ្លួននៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១។ ហើយត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿងបញ្ជូនមកតុលាការ។
សូមជម្រាបជូនថា, ក្នុងនាមជាមេដឹកនាំ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមភូមិន្ទ និងជាមេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស ក៏បានបញ្ជាឲ្យសមត្ថកិច្ចចាត់វិធានការចំពោះជនល្មើសផ្សេងទៀតដែលពាក់ព័ន្ធនៅក្នុងអំពើហិង្សា និងទារុណកម្មនេះថែមទៀតផង ពោលមិនលើកលែងឲ្យជាដាច់ខាត។ នាយឧត្តមសេនីយ៍ សៅ សុខា ចាត់ទុកថា ទង្វើបែបនេះជាពាល រឿងអសីលធម៌ និងមិនអាចទទួលយកបាននោះឡើយ ហើយនាយឧត្តមសេនីយ៍ក៏មិនទុកឲ្យមានមន្រ្តីអាវុធហត្ថបែបនេះនៅក្នុងជួរអង្គភាពទៀតឡើយ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស កាលពីថ្ងៃទី៣០ ខែតុលា។
សមត្ថកិច្ចបានបញ្ជាក់ថា ដើមចមដែលនាំឲ្យមេអាវុធហត្ថក្រុងក្រចេះ ប្រើប្រាស់អំពើហិង្សាយ៉ាងព្រៃផ្សៃទៅលើកុមារីដែលជាកូនឈ្នួលនៅក្នុងផ្ទះនេះ គឺដោយសារកុមាររីទាំង២នាក់នេះបានធ្វើឲ្យងាប់ឆ្កែមួយក្បាលនៅក្នុងផ្ទះរបស់ជនដៃដល់ ដែលជាហេតុនាំឲ្យជនដៃដល់កើតនូវការខឹងសម្បារតែម្ដង។ ក្រៅពីការប្រើប្រាស់អំពើហិង្សា ជនដៃដល់ក៏បានបង្ខំឲ្យកុមារីទាំង២នាក់នេះ ដេកឱបផ្នូរឆ្កែមួយយប់ និងចាប់បង្ខំឲ្យស៉ីអាចម៍ឆ្កែថែមទៀតផង។ ក្រោយមកហ៊ានប្រើអំណាចខ្លួនផ្ទាល់ ធ្វើលិខិតអោយម្តាយឪពុកម្តាយកុមាររងគ្រោះ បង់សងប្រាក់ក្នុង១ខែ ១០០ដុល្លារ រយះពេល៣ឆ្នាំ ។
សម្រាប់ទង្វើអំពើហិង្សារបស់បុគ្គល ទេព ហ៊ុយ នេះ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook បង្ហាញនូវការខឹងសម្បារ ថែមទាំងថ្កោលទោសយ៉ាងដាច់អហង្កា ព្រមទាំងអំពាវនាវដល់ស្ថាប័នតុលាការផ្ដន្ទាទោសបុគ្គលនេះតាមផ្លូវច្បាប់ជាធរមាន។ ពិសេសក្រុមប្រឹក្សាការពារកុមារបានចេញលិខិតថ្កោលទោស និងអរគុណចំពោះ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស មានចំណាត់ការទាន់ពេលវេលា ផ្តល់យុត្តិធម៌ដល់កុមាររងគ្រោះទាំង២ និងក្រុមគ្រួសារ។
មជ្ឈដ្ឋានទូទៅពីប្រជាពលរដ្ឋ ក្តៅចិត្តបំផុត ចំពោះអំពើយង់ឃ្នង របស់នាយអាវុធហត្ថរូបនេះនិងបក្ខពួក ដែលជាមនុស្យពាល គ្មានសីលធម៌ តែប្រជាពលរដ្ឋ គាំទ្រថ្នាក់ដឹកនាំ និងតុលាការ ខណៈនេះជាប្រព្រឹត្តដោយបុគ្គល មិនមែនប៉ះពាល់ដល់អង្គភាព ដែលជាមន្ត្រីអនុវត្តច្បាប់ឡើយ ៕
ដោយ, សិលា