ភ្នំពេញ, នៅរសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ឲ្យដឹងថា, ការវាយប្រហារតាមរយៈកម្មវិធីជំរិតទារប្រាក់មានការកើនឡើងគួរឱ្យកត់សម្គាល់ក្នុងកំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩ ដែលកាលពីមុនមក ការវាយប្រហារភាគច្រើនគឺផ្ដោតទៅលើអ្នកប្រើប្រាស់ទូទៅ ឬក្រុមហ៊ុន ប៉ុន្តែបច្ចុប្បន្ននេះ ពួកជនខិលខូចបានងាកមកធ្វើការវាយប្រហារទៅលើប្រព័ន្ធកុំព្យូទ័ររបស់រដ្ឋាភិបាលនិងមន្ទីរពេទ្យវិញ ដែលធ្វើឱ្យពួកគេអាចរកចំណូលបានច្រើនជាងមុន។ ទោះជាយ៉ាងណាក្ដី ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា ក្រុមជនខិលខូចក៏បានធ្វើការវាយប្រហារទៅលើ ប្រព័ន្ធកុំព្យូទ័ររបស់សាលារៀនជាច្រើន បើទោះបីជាពួកគេមិនទទួលបានចំណូលច្រើនក៏ដោយ។
អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបន្តថា, បើតាមការផ្សព្វផ្សាយរបស់ក្រុមហ៊ុនសុវត្ថិភាពអុីនធឺណិត Emsisoft បានបង្ហាញឱ្យឃើញថា សាលារៀនចំនួន៩៨៥ នៅសហរដ្ឋអាមេរិកត្រូវបានរងការវាយប្រហារនៅក្នុងឆ្នាំនេះ ដែលពេលខ្លះសាលាទាំងនោះត្រូវបានផ្អាកការសិក្សាដោយសារតែប្រព័ន្ធកុំព្យូទ័ររបស់ពួកគេមានបញ្ហា។ ប៉ុន្តែចំនួនសាលារៀនដែលរងការវាយប្រហារអាចមានចំនួនច្រើនជាងនេះ ដោយសារតែសាលាមួយចំនួនមិនបានធ្វើសេចក្ដីរាយការណ៍ជាផ្លូវការដែលពួកគេពុំអាចប្រមូលទិន្នន័យទាំងនោះបាន។ ក្នុងឆ្នាំ២០២០ សាលារៀនចំនួន៧០០ នៅក្នុងសហរដ្ឋអាមេរិចបានរងការវាយប្រហារ។
ក្រុមអ្នកស្រាវជ្រាវក៏បានបង្ហាញផងដែរថា ការវាយប្រហារដោយប្រើកម្មវិធីជំរិតទារប្រាក់នឹងមានការកើនឡើងកាន់តែច្រើនក្នុងរយៈពេលខ្លី មុននឹងមានការថយចុះដោយសារតែ រដ្ឋាភិបាលនិងអាជ្ញាធរនៅក្នុងប្រទេសជាច្រើនបានកំពុងតែខិតខំប្រឹងប្រែងបង្ក្រាប និងទប់ស្កាត់បទល្មើសបច្ចេកវិទ្យាទាំងនោះ។ ដើម្បីចៀសវាងពីការវាយប្រហារផ្សេងៗ អ្នកប្រើប្រាស់ត្រូវតែធ្វើបច្ចុប្បន្នភាពកម្មវិធីឱ្យបានឆាប់រហ័សដើម្បីកែសម្រួលភាពចន្លោះប្រហោងរបស់កម្មវិធី និងចៀសវាងទាញយកកម្មវិធីពីគេហទំព័រដែលពុំមានប្រភពច្បាស់លាស់ ព្រោះកម្មវិធីទាំងអស់នោះភាគច្រើនមានបង្កប់មកជាមួយនូវកម្មវិធីមេរោគដែលអាចលួចទាញយកទិន្នន័យ ឬអុីនគ្រីបទិន្នន័យនៅក្នុងកុំព្យូទ័របាន៕
ដោយ, សិលា