ភ្នំពេញ, សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យរដ្ឋមន្ត្រីក្រសួងអប់រំ និងអភិបាលរាជធានី-ខេត្ត ពិចារណាអនុញ្ញាតឱ្យកុមារា កុមារី នៅពេលចូលសាលារៀនអាចប្រើប្រាស់កាតចាក់វ៉ាក់សាំងថតចម្លង ជំនួសកាតចាក់វ៉ាក់សាំងច្បាប់ដើម ធ្វើបែបនេះដើម្បីជៀសវាងការខូចខាត និងរក្សាការចាក់វ៉ាក់សាំងបានគង់វង្សល្អ។ នេះតាមរយៈសារសំឡេងសម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០២១ ។
ដោយឡែក បណ្តាសិស្សានុសិស្សកំពុងសិក្សានៅថ្នាក់ទី១២ នៅថ្ងៃទី២ខែវិច្ឆិកានេះ បានសំដែងការបង្កើនខិតខំប្រឹងប្រែងរៀនសូត្រ និងសូមគាំទ្រប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃម្សិលមិញចំពោះការប្រកាសប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបឆ្នាំសិក្សា២០២១នេះ ត្រូវតែរៀបចំប្រឡងឆ្នាំនេះដូចធម្មតា ដោយមិនមានអោយជាប់ទាំងស្រុងដូចឆ្នាំមុននោះទេ។
សូមបញ្ជាក់ថា,តាមរយៈសារសំឡេងពិសេសផ្ញើជូនជនរួមជាតិនៅថ្ងៃទី០២ ខែវិច្ឆិកា នេះ សម្តេចតេជោ បានបញ្ជាក់យ៉ាងដូច្នេះ «ខ្ញុំគិតថា បើយើងអនុញ្ញាតឱ្យប្រើច្បាប់ដើមសម្រាប់ ការពាក់បង្ហាញបែបនេះ បណ្ណចាក់វ៉ាក់សាំងរបស់យើងអាចនឹងត្រូវខូចខាត ឬបាត់បង់។ ម្យ៉ាងទៀតកុមារា កុមារី គឺខ្វះការថែទាំ ហើយប្រសិនបើមានមេឃភ្លៀង ក៏អាចនឹងជួបការលំបាក។ ក្នុងន័យនេះ ខ្ញុំស្នើសុំឱ្យមានការពិចារណាបន្ទាប់ពីនេះទៅ គប្បីប្រើប្រាស់បណ្ណដែលថតចម្លង ហើយរក្សាបណ្ណដើមទុកនៅឯផ្ទះដោយសុវត្ថិភាព ហើយបណ្ណថតចម្លងនេះទុកប្រើប្រាស់ពេលសិស្សទៅរៀន»។
ពិសេសក្នុងសារសំឡេងនេះ សម្តេចតេជោ ហ៊ុន សែន បានណែនាំទៅលោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងអភិបាលរាជធានីខេត្ត ព្រមទាំងលោកគ្រូ អ្នកគ្រូតាមសាលានានា ជួយសម្របសម្រួលក្នុងការថតចម្លងបណ្ណចាក់វ៉ាក់សាំងនេះសម្រាប់សិស្សប្រើប្រាស់។
សូមជម្រាបជូនថា, រហូតដល់ ថ្ងៃទី ២ វិច្ឆិកា ២០២១ យេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ៨៩នាក់ (ឆ្លងសហគមន៌: ៨៥ និង នាំចូល: ៤) និងមានជាសះស្បេីយ ១១៥នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ១១៨៧០២នាក់ និងចំនួនជាសះស្បេីយសរុបកេីន ១១៥០១៧ នាក់ និង ស្លាប់ថ្មី ៦នាក់ (ក្នុងនោះមិនបានចាក់វ៉ាក់សាំង ៤នាក់) សរុបស្លាប់ ២៨០០នាក់ ។ សូមបន្តអនុវត្តន៌: ៣កុំ ៣ការពារ និងទោះបានចាក់វ៉ាក់សាំងគ្រប់ដូសឬដូសជំរុញក៏ដោយ ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន 2633424 ស្មេីនឹង 154998 ក្នុង១លាន នាក់ ។
ពត៌មានបន្ថែមសូមទាក់ទងលេខ 115៕
ដោយ, សិលា