អន្តរជាតិ៖ បើយោងតាមទីភ្នាក់ងារព័ត៌មាន AFP រួមជាមួយនឹងរបាយការណ៍បន្ថែមពីបណ្តាសារព័ត៌មានក្នុងស្រុកនៅប្រទេសឥណ្ឌា បានចុះផ្សាយដកស្រង់សម្តីលោក Nitin Gadkira រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនឥណ្ឌា ដែលបានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំកំពុងសិក្សាពីបញ្ហា ហើយខ្ញុំគ្រោងរៀបចំពង្រាងច្បាប់មួយនាពេលខាងមុខ ដើម្បីលុបបំបាត់សំឡេងស៊ីផ្លេដ៏រំខាន តែជំនួសដោយសំឡេងឧបករណ៍តន្ត្រីឥណ្ឌា ដែលស្តាប់ទៅពីរោះ»។ ការលើកឡើងរបស់លោក Nitin Gadkira ខណៈដែលលោកកំពុងពិចារណាលើសំណើច្បាប់ដើម្បីលុបបំបាត់សំឡេងស៊ីផ្លេដ៏រំខាននៅលើផ្លូវថ្នល់ ហើយជំនួសដោយសំឡេងឧបករណ៍តន្ត្រីឥណ្ឌាវិញ។ មិនតែប៉ុណ្ណោះរដ្ឋមន្ត្រីរូបនេះ ក៏បានពិចារណាផងដែរ ពីលទ្ធភាពនៃការដាក់ជំនួសសំឡេងស៊ីរ៉ែនរថយន្តសង្គ្រោះបន្ទាន់ និងរថយន្តប៉ូលិស ដោយបទភ្លេងបែបបន្ធូរអារម្មណ៍ស្រដៀងទៅនឹងភ្លេងដែលចាក់ផ្សាយនៅក្នុងវិទ្យុ All India នាពេលព្រឹកព្រលឹម។ ជាក់ស្ដែងចំពោះសំឡេងដែលលោករដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនឥណ្ឌាចង់ដាក់ឱ្យប្រើប្រាស់ជំនួសស៊ីផ្លេ ឬស៊ីរ៉ែននោះ មានដូចជា៖ សំឡេងខ្លុយ, ស្គរ Tabla, វីយោឡុង, អាម៉ូនីកា និងសំឡេងឧបករណ៍អាម៉ូនិក (Harmonium) ជាដើម។ ដោយឡែកជុំវិញបញ្ហានេះដែរ បេីយោងតាមអង្គការសុខភាពពិភពលោក បានបញ្ជាក់ថា ការបំពុលដោយសំឡេងអាចបង្កឱ្យមានកំសោយការស្តាប់ បញ្ហាសរសៃឈាមបេះដូង ការចុះខ្សោយបញ្ញា ភាពតានតឹង ជាពិសេសជំងឺធ្លាក់ទឹកចិត្តផងដែរ។ គួរបញ្ជាក់ថា ទីក្រុងជាច្រើននៅប្រទេសឥណ្ឌាត្រូវបានចាត់ទុកជាទីក្រុងដែលមានសំឡេងរំខានជាងគេបំផុតនៅលើពិភពលោក ដោយរថយន្ត,តាក់ស៊ី ,ម៉ូតូ ,ឡំប្រឺតា និងម៉ូតូកង់បីជាច្រើនប្រភេទទៀត បើកបរពេញផ្លូវ ហើយអ្នកបញ្ជាយានយន្តតែងតែប្រើប្រាស់ស៊ីផ្លេយ៉ាងកងរំពងដើម្បីសុំផ្លូវ នាអំឡុងចរាចរណ៍ដ៏ណែនណាន់តាន់តាប់។ ទោះបីជារថយន្តមានស៊ីផ្លេដើមរបស់ខ្លួនក៏ដោយ ប៉ុន្តែអ្នកប្រើប្រាស់មួយចំនួនបាននាំគ្នាកែច្នៃ ដែលធ្វើឱ្យមានសំឡេងប្លែកៗ ហើយបង្កការរំខានខ្លាំងៗ។ រថយន្តខ្លះថែមទាំងសរសេរសារ «Horn OK Please» ឬ «Blow Horn» ជាមួយនឹងពណ៌ប្លែកៗ ដើម្បីបង្ហាញពីចេតនាចង់ជែង ឬចង់សុំផ្លូវទៅមុន៕ដោយ៖ស តារា
រូបភាព៖ Trending. លោក Nitin Gadkira រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនឥណ្ឌា
រូបភាពឯកសារ៖ yellow taxi cabs in kolkata india រថយន្ដតាក់ស៊ី