សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ហាញមុខសញ្ញាកែច្នៃ ជួញដូរគ្រឿងញៀន ២នាក់ និងគ្រឿងញៀនជិត ៥៩ គីឡូក្រាមមុននឹងបញ្ជូនទៅតុលាការ

ចែករំលែក៖

ភ្នំពេញ : នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកាឆ្នាំ២០២១ នេះកម្លាំងសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបានធ្វើការបង្ហាញមុខជនសង្ស័យជាមុខសញ្ញាកែច្នៃនិងជួញដូរគ្រឿងញៀនពីរនាក់ព្រមទាំងគ្រឿងញៀនជិត៥៩គីឡូក្រាមដែលបង្ក្រាបបាននៅរាជធានីភ្នំពេញមុននឹងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់វិធានការតាមនីតិវិធី។
គួររំលឹកឡើងថាកាលពីថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១៤:២០នាទី កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន(ក៥) ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ សាន សុទ្ធី នាយករងមន្ទីរ លោកវរសេនីយ៍ឯក មាស ហត នាយករងមន្ទីរ លោកវរសេនីយ៍ឯក ជាវ វណ្ណា នាយការិយាល័យ (ក៥) ចូលរួមសហការពីកម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រមទាំងមានការសម្របសម្រួលពីលោក ហេង ផេង ព្រះរាជអជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការស៊ើបអង្កេត ស្រាវជ្រាវ បង្រ្កាបករណីកែច្នៃ ជួញដូរគ្រឿងញៀន នៅចំណុច ផ្លូវលេខ៣៦០ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ចាប់បានជនសង្ស័យម្នាក់ឈ្នោះ ង្វៀង វីងទី និងសារធាតុញៀនមួយចំនួនតូច។
លុះដល់ម៉ោង ១៥:៣០ នាទីថ្ងែដដែល កម្លាំងជំនាញ បានធ្វើការឆែកឆេរ និងចាប់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ ហេង គឹមហេង នៅចំណុច បន្ទប់ជួលលេខ៧ ផ្លូវលេខ៣០០ ក្រុម១៩ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ដោយឃាត់ខ្លួនបានជនសង្ស័យ២នាក់
១-ឈ្មោះ ង្វៀង វីងទី ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិ វៀតណាម។
២-ឈ្មោះ ហេង គឹមហេង ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ។ និងចាប់យកវត្ថុតាងបាន:
-មេតំហ្វេតាមីន(ICE)ទម្ងន់សុទ្ធ ៣.៥១ក្រាម។
-កេតាមីន(KETAMIN)ទម្ងន់សុទ្ធ ៥០.៤២ក្រាម។
-អ៊ិចស្តាស៊ី(MDMA)ទម្ងន់សុទ្ធ ១គ.ក្រ ៥១៧.៣២ក្រាម។
-មេកាទីណូន (METHCATHINONE)ទម្ងន់សុទ្ធ ៤៦ គ.ក្រ ៧៧៤ក្រាម។
សរុបរួម ទម្ងន់ ៤៨ គ.ក្រ ៣៤៥.២៥ក្រាម។
សារធាតុផ្សំ(មិនច្បាស់) ៦ គ.ក្រ ២១៤.៣៦ ក្រាម។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើ បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី ៕

...

ដោយ ៖  ស សម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print