ភ្នំពេញ, នៅល្ងាចថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានមានប្រសាសន៍ថា, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចំណាយពេល៦ឆ្នាំ ដើម្បីតាក់តែងច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ដែលចូលជាធរមាននៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១។ ច្បាប់នេះនឹងក្លាយជាកត្តាសំខាន់មួយសម្រាប់ការអនុវត្តយុទ្ធសាស្រ្តការទូតសេដ្ឋកិច្ចឆ្នាំ២០២១-២០២៣ ប្រកបដោយប្រសិទ្ធភាព។
លោកឧបនាយករដ្ឋមន្ត្រីបានថ្លែងបន្តថា, សិក្ខាសាលាតាមរយៈប្រព័ន្ធវីដេអូនៅព្រឹកនេះមានគោលបំណងផ្សព្វផ្សាយពីច្បាប់វិនិយោគថ្មីនេះជូនដល់ថ្នាក់ដឹកនាំនៃក្រសួងការបរទេស មន្ត្រីការទូតកម្ពុជា និងមន្ត្រីពាក់ព័ន្ធ ឱ្យបានជ្រាបអំពីច្បាប់វិនិយោគថ្មី និងអត្ថប្រយោជន៍ថ្មីៗ។ សិក្ខាសាលានេះក៏បានបង្កើនទំនុកចិត្តរបស់យើងខណៈពេលដែលយើងប្រឹងប្រែងទាក់ទាញវិនិយោគគិនមកកម្ពុជា។
លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានគូសបញ្ជាក់ថា, ខ្ញុំក៏សូមអរគុណយ៉ាងជ្រាលជ្រៅដល់ លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ព្រមទាំងក្រុមការងារ ក៏ដូចជាក្រុមការងារការទូតសេដ្ឋកិច្ចនៅក្រសួងការបរទេស ដែលបានរៀបចំសិក្ខាសាលានេះប្រកបដោយភាពជោគជ័យ។ “ការទូតសេដ្ឋកិច្ច” ៕
ដោយ, សុខ ខេមរា