មេបញ្ជាការកងទ័ពជើងគោក បានអនុញ្ញាតឱ្យអនុព័ន្ធយោធាឥណ្ឌូនេស៊ី ប្រចាំនៅកម្ពុជាចប់អាណត្តិ និងអនុព័ន្ធយោធាថ្មី ជួបសម្តែងការគួរសម និងពិភាក្សាការងារ

ចែករំលែក៖

ភ្នំពេញ, យោងតាមផេកផ្លូវការរបស់កងទ័ពជើងគោក បានបញ្ជាក់អោយដឹងថា, នៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអនុញ្ញាតឱ្យលោកវរសេនីយ៍ឯក Inyoman Sukasana អនុព័ន្ធយោធានៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំនៅកម្ពុជា ចូលជួបសំដែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលលោកត្រូវបញ្ចប់បេសកកម្មការងារ និងអមដោយវត្តមានរបស់លោកវរសេនីយ៍ឯក Mochammad Rizal អនុព័ន្ធយោធាឥណ្ឌូនេស៊ី ដែលទទួលការតែងតាំងថ្មី ដើម្បីណែនាំខ្លួន។

ក្នុងជំនួបនេះ លោកវរសេនីយ៍ឯក Inyoman Sukasana បានជម្រាបជូន លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អំពីសមិទ្ធិផលការងារជាច្រើន ដែលសម្រេចបានក្នុងអាណត្តិការទូតយោធារបស់លោក ដោយសារទទួលបានកិច្ចសហការល្អពីគ្រប់ប្រភេទទ័ព នៃកងយោធពលខេមរភូមិន្ទ ក៏ដូចជាបណ្តាស្ថាប័ននានារបស់រាជរដ្ឋាភិបាល ដែលបានចូលរួមចំណែកធ្វើឱ្យទំនាក់ទំនាក់រវាងប្រទេស និងកងទ័ពទាំងពីរ កាន់តែរីកចម្រើនឈានឡើង ជាពិសេសទំនាក់ទំនងមិត្តភាពជាបងប្អូនដ៏ជិតស្និទ្ធរវាងប្រជាជនទាំងពីរ ក៏ត្រូវបានពូនជ្រំរឹងមាំតាំងពីអតីតកាលដល់បច្ចុប្បន្ន និងបន្តទៅអនាគត។

នៅចំពោះមុខបញ្ហាប្រឈមនៃជំងឺកូវីដ-១៩ ដែលប្រទេសទាំងពីរ ក៏ដូចជាពិភពលោកទាំងមូលបានរងគ្រោះក្នុងរយៈពេលជិតពីរឆ្នាំកន្លងមកនេះ លោកបានគោរពកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន ក្នុងការប្រយុទ្ធទប់ស្កាត់នឹងជំងឺរាតត្បាតនេះ យ៉ាងមានប្រសិទ្ធភាពទៅតាមដំណាក់កាលវិវត្តនៃសភាពការណ៍ ហើយដែលជោគជ័យនេះ គឺពិតជាបានកើតឡើងដោយមានការចូលរួមចំណែកមិនអាចខ្វះបានរបស់កងយោធពលខេមរភូមិន្ទ និយាយជារួម និងនិយាយដោយឡែក របស់កងទ័ពជើងគោក។ លោក ក៏បានថ្លែងអំណរគុណជាពិសេសចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់ចំពោះគ្រប់មន្ត្រីការទូតទាំងអស់ ដែលបំពេញបេសកកម្មនៅកម្ពុជា តាមរយៈការផ្តល់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រកបដោយភាពកក់ក្តៅបំផុត ដោយជាក់ស្តែងមន្ត្រីក្នុងការិយាល័យអនុព័ន្ធយោធារបស់លោកទាំងអស់ ទទួលបានការចាក់វ៉ាក់សាំងគ្រប់គ្នា រួមទាំងការចាក់ដូសទី៣ ផងដែរ។

ជាការឆ្លើយតប លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានអបអរសាទរចំពោះជោគជ័យនៃបេសកកម្មការទូតយោធារបស់ លោកវរសេនីយ៍ឯក Inyoman Sukasana និងបានអរគុណចំពោះកិច្ចខិតប្រឹងប្រែងរបស់លោកនៅក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ សម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់ជាច្រើន ដូចជាការហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្ស និងការចែករំលែកផ្លាស់ប្តូរបទពិសោធន៍លើការងារប្រឆាំងភេរវកម្ម ជាដើម។ ឯកឧត្តម ក៏បានធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ ដែលមានការរីកចម្រើនជាលំដាប់លើមូលដ្ឋាននៃ MOU រវាងស្ថាប័នទាំងពីរ ក្នុងឆ្នាំ២០០៧ និងកំពុងត្រូវបានជំរុញបន្ថែមទៀតដោយផ្តោតលើការភ្ជាប់ទំនាក់ទំនងរវាឯកភាព និងអង្គភាពចំណុះ ដែលជាប្រតិបត្តិករផ្ទាល់នៃសកម្មភាពសហប្រតិបត្តិការ។

ក្នុងជំនួបនេះផងដែរ លោក អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក ក៏បានយកឱកាសនោះ ថ្លែងអំណរគុណចំពោះរដ្ឋាភិបាល, ប្រជាជន និងកងទ័ពឥណ្ឌូនេស៊ី ដោយបានរំឭកឡើងវិញអំពីការចូលរួមចំណែកយ៉ាងសំខាន់របស់ប្រទេសឥណ្ឌូនេស៊ី នៅក្នុងការដំណើរការស្វែងរកសន្តិភាព ក៏ដូចជាការកសាងអភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជាតាំងពីទស្សវត្សរ៍ឆ្នាំ៩០ រហូតមកដល់បច្ចុប្បន្ន៕

 

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print