នៅថ្ងៃទី៣ខែវិច្ឆិកា សារព័ត៌មានរ៉យទ័របានផ្សាយថា ក្រុមជួយសង្គ្រោះប្រទេសនីហ្សេរីយ៉ា បានខិតខំប្រជែងនឹងពេលវេលា ដើម្បីស្វែងរកអ្នកនៅរស់កប់ក្រោមគំនរអគារបាក់បែក ក្រោយរយៈពេល២ថ្ងៃបាក់ស្រុតបណ្តាលឲ្យមនុស្ស២២នាក់ស្លាប់ និងរាប់សិបនាក់បាត់ខ្លួន។
គ្រួសារជនរងគ្រោះបានប្រមូលផ្តុំគ្នានៅកន្លែងអគារបាក់បែកដោយសង្ឃឹមទទួលបានព័ត៌មានស្តីពីសាច់ញាតិដែលបាត់ខ្លួនកប់ក្រោមគំនរអគារ។ លោក Ibrahim Farinloye មន្ត្រីគ្រប់គ្រងគ្រោះអាសន្ននីហ្សេរីយ៉ាបានឱ្យដឹងថា អ្នកស្លាប់បានកើនឡើង២២នាក់ ក្រោយរកឃើញសាកសពមួយចំនួនទៀត។ ជាមួយគ្នានេះក៏មានមនុស្ស ៩នាក់នៅរស់បានជួយសង្គ្រោះចេញពីគំនរអគារ។
ការបាក់ស្រុតអគារតែងតែកើតឡើងនៅក្នុងប្រទេសដែលមានពលរដ្ឋច្រើនបំផុតក្នុងទ្វីបអាហ្វ្រិក ដោយសារតែច្បាប់ស្តីពីសុវត្ថិភាពសាងសង់ចុះខ្សោយ និងគ្រឿងសំណង់មិនមានគុណភាព។
មន្ត្រីរដ្ឋាភិបាលនីហ្សេរីយ៉ាបានឱ្យដឹងថា មានការដ្ឋានសាងសង់ជាច្រើនបានបំពានច្បាប់ចាប់តាំងពីដើមឆ្នាំ២០២១មក។ ពាក់ព័ន្ធការបាក់ស្រុតអគារនៅពេលនេះ មន្ត្រីជំនាញកំពុងតែស្រាវជ្រាវ ហើយប្រកាសលទ្ធផលជាសាធារណៈក្នុងពេលឆាប់ៗនេះ៕ ដោយសាធី
រូបថត៖Reuters.