ខេត្តសៀមរាប: លោក ឃឹម ហ្វីណង់ អភិបាលនៃគណៈអភិបាល ស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅយប់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ បញ្ជាក់ថា,ក្នុងវត្តមានជាមួយអភិបាលខេត្ត លោកបានថ្លែងថា, លោកបាន
ចូលរួមជាមួយ លោកអភិបាលខេត្ត ទៀ សីហា នាំយកថវិការបស់សម្តេចតេជោ ហ៊ុន សែន ចំនួន២០លានរៀល ជូនដល់ក្រុមគ្រួសាររបស់ក្មួយប្រុស គង់ សីហា។ ជាមួយគ្នានេះដែរ សម្តេចក៏បានរៀបចំឱ្យសាងសង់ផ្ទះ២ខ្នង ដោយ១ខ្នងជូនដល់គ្រួសារក្មេងប្រុស គង់ សីហា និង១ខ្នងទៀតផ្តល់ជូនដល់គ្រួសារប្អូនស្រីបង្កើតរបស់ម្តាយ គង់ សីហា ដែលមានផ្ទះនៅជាប់គ្នា និងមានជីវភាពខ្វះខាតដែរ។
លោកអភិបាលស្រុក បានបន្តថា, លោកអភិបាល ក៏បានផ្តល់ជូនទូរស័ព្ទដៃមួយគ្រឿង និងស្បៀងអាហារមួយចំនួនទៀត ព្រមទាំងបានផ្តាំផ្ញើឱ្យឪពុកម្តាយរបស់សីហាត្រូវធានាឱ្យបានពីអនាគតនៃការសិក្សារបស់សីហា ក៏ដូចជាយកឱកាសដ៏កម្រនេះរៀបចំអនាគតគ្រួសារ និងមុខរបរប្រចាំជីវិតរបស់ខ្លួនឱ្យបានត្រឹមត្រូវ និងប្រយ័ត្នប្រយែងផងដែរ៕
ដោយ, សិលា