ចតឡំប្រឺតាមួយភ្លែតត្រូវរថយន្តមកបុកពីក្រោយក្រឡាប់ផ្ងារជើងម្ខាងរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បើកឡំប្រឺតាមួយគ្រឿងចតអែបនឹងចិញ្ចើមផ្លូវមួយភ្លែតត្រូវរថយន្តម៉ាកស៊ីណាមួយគ្រឿងសង្ស័យម្ចាស់ស្រវឹងស្រាបានបើកមកបុកពីក្រោយពេញទំហឹងបណ្ដាលឱ្យក្រឡាប់ផ្ងារជើងម្ខាងរងការខូចខាតយ៉ាងដំណំ តែសំណាងល្អដែរដែលមិនបង្កឲ្យមានអ្នករងរបួស។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០១រំលងអធ្រាត្រឈានចូលថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចមុខធនាគារអេស៊ីលីដា តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើកឡំប្រឺតាពណ៌លឿងពាក់ស្លាកលេខភ្នំពេញ1HG-9366ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើបានបើកមកអែបចិញ្ចើមផ្លូវ រួចម្ចាស់ក៏ចុះពីលើឡំប្រឺតា ខណៈនោះក៏ស្រាប់តែមានរថយន្តម៉ាកស៊ីណា មួយគ្រឿងពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AY-0167បើកបរដោយបុរសម្នាក់សង្ស័យស្រវឹងស្រា បានធ្វើដំណើរមកពីក្រោយរេចង្កូតទៅបុកឡំប្រឺតាពីក្រោយចំហៀងខាងឆ្វេងពេញទំហឹងបណ្ដាលឲ្យប្រឡាប់ផ្ងារជើងម្ខាង រងការខូចខាតស្ទើរទាំងស្រុង។ ភ្លាមនោះម្ចាស់ឡំប្រឺតានិងបងប្អូនប្រជាពលរដ្ឋនាំគ្នាជួយលើកក្រឡាប់មកវិញ។

ក្រោយកើតហេតុភាគីទាំងសងខាងបានធ្វើការសម្របសម្រួលគ្នាដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕

...

ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print