លោក ឃឹម ហ្វីណង់ ៖ មានត្រឹមតែពាក្យត្រេកអរប្រកបដោយមុទិតាចិត្ត ចំពោះភ័ព្វព្រេងសំណាងរបស់ក្មួយប្រុស គង់ សីហាតែប៉ុណ្ណោះ!

ចែករំលែក៖

ខេត្តសៀមរាប ៖ អភិបាលនៃគណៈអភិបាល ស្រុកបន្ទាយស្រី ខេត្តសៀមរាប លោក ឃឹម ហ្វីណង់ នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ បានថ្លែងយ៉ាងដូច្នេះថា, លោកមានត្រឹមតែពាក្យត្រេកអរប្រកបដោយមុទិតាចិត្ត ចំពោះភ័ព្វព្រេងសំណាងរបស់ក្មួយប្រុស គង់ សីហាតែប៉ុណ្ណោះ! សំណាងដែលរត់មកពីទទឹង មិនដឹងចេញពីទីណា គ្មានការរំពឹងទុកមុន និងមិនបានត្រៀមខ្លួនអ្វីទាំងអស់។ អាចចាត់ទុកថាជាសម្ពាយបុណ្យរបស់ក្មួយក៏ថាបាន តែសំណាងបែបនេះមិនមែនចេះតែកើតឡើងនៅលើមនុស្សគ្រប់គ្នានោះទេ។ សម្រាប់មនុស្សភាគច្រើន ទោះបីពេញមួយជីវិតរបស់ពួកគេក៏មិនទាន់មានឱកាសបែបនេះផង សង្ឃឹមថាក្មួយ និងក្រុមគ្រួសារនឹងចេះក្តាប់ឱកាសដ៏កម្រមួយនេះឱ្យជាប់។

លោកអភិបាលបានពន្យល់ថា, ឪពុកម្តាយសីហាត្រូវយល់ឱ្យបានត្រឹមត្រូវថា សំណាងលើកនេះមិនមែនជាគុណសម្បត្តិរបស់ខ្លួនឡើយ តែវាបណ្តាលមកពីកម្លាំងនៃ”ភាពឈឺឆ្អាលសង្គម”ឯណោះវិញទេ ដែលបានជួយរុញច្រានឱ្យអព្ភូតការណ៍បែបនេះអាចកើតឡើងបាន។ តែក៏សរសើរដល់ពួកគាត់ទាំងពីរដែរ ដែលយល់ពីគុណតម្លៃនៃការអប់រំ គិតថាមានតែការអប់រំទេដែលអាចរំដោះចេញពីភាពក្រីក្របាន ហើយទោះជាក្រលំបាកយ៉ាងណាក៏នៅតែខំបញ្ជូនកូនឱ្យបានសិក្សារៀនសូត្រនឹងគេ ទាំងខ្លួនមានជីវភាពយ៉ាប់យឺនខ្លាំង ត្រូវធ្វើដំណើរទៅទីឆ្ងាយដើម្បីប្រកបរបរចិញ្ចឹមជីវិត ហើយត្រូវផ្តាំផ្ញើរកូនទុកនឹងគេ ឱ្យមើលជំនួសខ្លួនក៏ដោយ។ សម្តីសន្យារបស់ឪពុកសីហាថាមើលទៅ ពឹងលើវាមួយនេះហើយ គ្រាន់ទុកស្នងត្រកូល កុំឱ្យធំឡើងទៅ ល្ងង់ដូចម៉ែឪវាទៀត! ពិតជាបានផ្តល់នូវក្តីសង្ឃឹមមួយយ៉ាងពិតប្រាកដ ទៅលើអនាគតដ៏វែងឆ្ងាយរបស់ក្មេងតូចម្នាក់នេះ។

លោកអភិបាលស្រុកបន្តថា, ជាការពិត ការជួយត្រឹមតែមួយករណីបែបនេះមិនអាចដោះស្រាយបញ្ហាទាំងមូលបាននោះទេ ហើយក៏មានមតិខ្លះបានលើកឡើងថា នៅសល់ករណីច្រើនទៀត ហេតុម្តេចមើលមិនឃើញ ហើយមិនព្រមជួយគ្នាផង តែខ្ញុំជឿថា យើងគួរនាំគ្នាមើលពីចំណុចវិជ្ជមានចេញពីព្រឹត្តិការណ៍នេះវិញ។ យើងអាចគិតថាវាគឺជាចំណុចចាប់ផ្តើមមួយដ៏ប្រសើរនៃការឈឺឆ្អាលសង្គម និងជាគំរូល្អទៅដល់ការជួយឈឺឆ្អាលក្រោយៗទៀត ក៏ដូចជាការឱ្យតម្លៃទៅលើចំណុចប្រសព្វនៃភាពក្រីក្រនិងការអប់រំពីសំណាក់សាធារណៈជន ប្រសើរជាងការមើលរំលង ការអោបដៃឈរមើល ឬការរុញរាមិនព្រមធ្វើអ្វីម្យ៉ាង ដោយរវល់តែរង់ចាំ ជាប់គាំងគ្មានដំណោះស្រាយ ឬយកលេសថា ទាល់តែមានដំណោះស្រាយធំ ជួយម្តងបានទាំងអស់គ្នា ទើបនាំគ្នាជួយបាន។

លោកបន្តថា, សម្រាប់សីហា ដំណើរជីវិតរបស់គេនៅសល់ផ្លូវវែងឆ្ងាយទៀតណាស់ តែចាប់ពីថ្ងៃនេះទៅ សីហាចាប់ផ្តើមមានទំនួលខុសត្រូវបណ្តើរៗហើយ។ សីហានៅក្មេង ជឿថាប្រហែលជាមិនទាន់អាចយល់បានពីទំនួលខុសត្រូវនេះនៅឡើយទេ ហើយបន្ទុកដំបូងៗ ភាគច្រើនស្ថិតនៅលើក្រុមគ្រួសារទេ តែបន្តិចម្តងៗ ទំនួលខុសត្រូវនេះនឹងត្រូវធ្លាក់មកលើសីហាខ្លួនឯង ដោយសារតែការរំពឹងទុកដ៏ច្រើនលើសលុបពីសំណាក់សាធារណៈជន និងក្រសែភ្នែកជាច្រើននឹងនៅសំឡឹងរង់ចាំមើលអនាគតរបស់សីហា។

លោកគូសបញ្ជាក់ថា, មានពាក្យពេចន៍ខ្លះ ដែលខ្ញុំចង់និយាយទៅកាន់ យុវជន គង់ សីហា នាពេលអនាគត នៅពេលដែលក្មួយធំឡើង មានការចេះដឹងយល់សេចក្តី និងអាចស្វែងយល់ដោយខ្លួនឯងបាន ថាតើពាក្យ”ទំនួលខុសត្រូវ”មួយនេះមានន័យយ៉ាងដូចម្តេច៖

«ការទទួលបានការជួយយកអាសាត្រឹមតែមួយគ្រា វាមិនគ្រប់គ្រាន់ទេសម្រាប់ភាពជោគជ័យក្នុងជីវិត សីហាត្រូវចេះរៀនរឹងមាំដោយខ្លួនឯងបន្ថែមទៀតទើបគ្រប់គ្រាន់ តែសីហាត្រូវគិតថា វាជាឱកាសដ៏ធំមួយរួចបាត់ទៅហើយសម្រាប់ក្មួយ បើប្រៀបធៀបនឹងកុមារដទៃដែលមិនបានទទួលឱកាសបែបនេះដូចក្មួយនោះ។ សង្ឃឹមថាក្មួយនឹងក្លាយទៅជាគំរូដ៏ល្អនៃការខិតខំប្រឹងប្រែងតស៊ូជំនះលើភាពក្រីក្រ លើកស្ទួយកិត្តិយសគ្រួសារ ហ៊ានកែប្រែជោគវាសនារបស់ខ្លួន និងក្លាយជាតំណាងនៃភាពជោគជ័យសម្រាប់ឱ្យកុមារដទៃទៀតដែលមានជីវភាពលំបាកដូចជាក្មួយអាចសំឡឹងមើលមកក្មួយជានិមិត្តរូបរបស់ពួកគេ និងអាចយកគំរូតាមបាន។ ភាពជោគជ័យរបស់ក្មួយក្នុងពេលអនាគតនឹងបានជាការលើកទឹកចិត្តទៅដល់អ្នកដែលបានទំនុកបម្រុងក្មួយក្នុងថ្ងៃនេះ ក៏ដូចជានឹងជួយជំរុញឱ្យមានការជួយទំនុកបម្រុងក្រោយៗទៀតទៅកាន់កុមារដទៃផងដែរ។

ថ្ងៃនេះ យើងនាំគ្នារំជួលចិត្តពីទុក្ខលំបាករបស់ក្មួយ សង្ឃឹមថាថ្ងៃក្រោយ យើងនឹងអាចរំភើបចិត្តពីភាពជោគជ័យនៅក្នុងជីវិតរបស់ក្មួយវិញម្តង។ — ដោយក្តីស្រឡាញ់…❤️» ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print