ឆក់បានទូរស័ព្ទជនរងគ្រោះហើយតែជិះម៉ូតូទៅបុកខឿនសួនច្បាររត់ចោលម៉ូតូទាំងព្រលឹងចុងសក់

ចែករំលែក៖

ភ្នំពេញ ៖ នារី៣នាក់បានជិះម៉ូតូឌុបគ្នាយ៉ាងលឿនហើយស្រែកចោរៗតាមជនសង្ស័យ២នាក់ដែលធ្វើសកម្មភាពឆក់យកទូរស័ព្ទរបស់នាង។
បើ​តាមប្រភពព័ត៌មានបានឱ្យ​ដឹង​ថា នារីទាំង៣​នាក់​បាន​ជិះ​ម៉ូតូឌុប​គ្នា​ត្រឡប់​មក​ពី​ហូបស៊ុប​វិញ ដោយ​កាន់​ទូរស័ព្ទ​និយាយផង ពេលនោះក៏​ស្រាប់តែ​លេចមុខ​ជនសង្ស័យ​ចំនួន​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង មកធ្វើ​សកម្មភាព​ឆក់​យក​ទូរស័ព្ទ​ពី​ដៃនារី​រង​គ្រោះ​បាន​សម្រេច រួចហើយបន្ថែម​ល្បឿន​ម៉ូតូ​ដើម្បីរត់គេច​ខ្លួន តែ​ត្រូវ​នារី​រង​គ្រោះ​ជិះ​ប្រដេញ​តាម និង​ស្រែ​កថា «​ចោរ​ៗ» ធ្វើ​ឱ្យជនសង្ស័យ​ភ័យ​ស្លន់ស្លោ ក៏​ជិះ​ម៉ូតូទៅ​បុក​ខឿន​សួនច្បារបណ្តាល​ឱ្យដួល រួច​ក៏​នាំ​គ្នា​រត់​យករួចខ្លួន ដោយ​បន្សល់​ទុក​តែ​ម៉ូតូ​មួយ​គ្រឿងនៅកន្លែងកើតហេតុ។
ករណីខាងលើនេះ បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើលឡើងកាលពី​វេលា​ម៉ោង​១២​និង​២០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៤ ខែវិច្ឆិកា ឆ្នាំ​២០២១ នៅ​ចំណុច​គល់​ស្ពាន​ជ្រោយចង្វាខាងលិច ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។
ប្រភពព័ត៌មានបានបន្ត​ថា នារី​រង​គ្រោះ​ទាំង​៣​នាក់​ខាងលើ​នេះមិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ដោយ​អ្នក​ទាំង​៣​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស៊ី​រុស ពណ៌​ខ្មៅ ចំណែក​សម្ភារដែល​បាត់បង់​គឺ​មាន​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង​ម៉ាក i phone8 plus ពណ៌​ទឹកមាស និង​កាត ATM ធនាគារមួយ​សន្លឹក ។
បើ​តាមការឱ្យដឹងពីនារី​រង​គ្រោះ​បាន​ប្រាប់ថា មុន​កើតហេតុ ពួក​គាត់​មាន​គ្នា​៣​នាក់ ទើប​ចេញពី​ហូប​ស៊ុប​នៅ​ម្តុំ​វត្ត​ភ្នំហើយធ្វើ​ដំណើរ​ត្រឡប់​ទៅ​ផ្ទះ​វិញ តាម​បណ្ដោយ​ផ្លូវ​លេខ​៤៧ ក្នុងទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ។ លុះមកដល់ពាក់កណ្តាលផ្លូវនារី​រង​គ្រោះ​ដែល​អង្គុយ​កណ្ដាល​នោះ​បាន​កាន់​ទូរស័ព្ទ​និយាយ ខណៈ​ពេល​កំពុងធ្វើ​ដំណើរមកដល់មុខមន្ទីរព្រះកេតុមាលាក៏ ស្រាប់តែលេចមុខជនសង្ស័យជិះម៉ូតូហុងដាឌ្រីមមកពីក្រោយធ្វើសកម្មភាពឆក់យកទូរស័ព្ទតែម្តង។
នារី​រង​គ្រោះ​បានបន្ត​ថា ជនសង្ស័យ​ចំនួន​២​នាក់​នោះជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៦ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1FL-9824 ធ្វើ​ដំណើរ​ពីក្រោយ​មក​ធ្វើ​សកម្មភាព​ឆក់​យក​ទូរស័ព្ទ​ដៃ​ពី​នារី​រង​គ្រោះ (​អង្គុយ​នៅ​កណ្តាល​) នោះ បាន​សម្រេច ហើយ​ក៏​បន្ថែម​ល្បឿន​ជិះ​រត់គេច​ខ្លួន​ ។
ប្រភព​ដដែល​បន្ត​ថា ភ្លាម​ៗនោះពួកនាងបាន​ជិះ​ម៉ូតូ​ប្រដេញ​តាម​ជនសង្ស័យ និង​បាន​ស្រែ​កថា «​ចោរ​ៗ» រហូត​មក​ដល់​គល់​ស្ពាន​ជ្រោយចង្វាធ្វើ​ឱ្យជនសង្ស័យ​នោះ​ភ័យ​ស្លន់ស្លោជិះ​ម៉ូតូ​ទៅ​បុក​ខឿន​សួនច្បារ បណ្តាល​ឲ្យ​ដួល​ម៉ូតូ​តែ​ម្តង។
ចំណែក​ជនសង្ស័យ​ទាំង​២​នាក់​នោះ​ក៏​ងើបឡើង រួច​រត់គេច​ខ្លួន​ជាមួយ​ទូរស័ព្ទ​នារី​រង​គ្រោះ​ចូល​ទៅ​ម្តុំ​ផ្សារ​តូច​បាត់​ស្រមោល​អស់​ ដោយ​បន្សល់​ទុក​តែ​ម៉ូតូ​មួយ​គ្រឿង​នៅ​កន្លែង​កើត​ហេតុ។

ក្រោយ​ពេល​កើតហេតុ នារី​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​មូលដ្ឋាន​នាំ​ទៅ​កាន់​ប៉ុស្តិ៍​នគរបាល​ស្រះ​ចក ដើម្បី​ដាក់​ពាក្យបណ្ដឹង ចំណែក​ម៉ូតូ​របស់​ជនសង្ស័យ​វិញ ត្រូវ​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ៕

...

ដោយ៖ អរុណរះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print