ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ ជាមុខសញ្ញាលួចម៉ូតូយ៉ាហសកម្ម ត្រូវបានសមត្ថកិច្ចស្រុកកណ្ដាលស្ទឹង បន្ទាប់ពីជនសង្ស័យរូបនេះធ្វើសកម្មភាពលួចម៉ូតូរបស់ពលរដ្ឋនៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង០៦និង៣០នាទី នៅចំណុចភូមិទ្រា ឃុំទ្រា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។
មន្ត្រីនគរបាលស្រុកកណ្ដាលស្ទឹងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ហឿន គន្ធា ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិទ្រា ឃុំទ្រា ស្រុក កណ្តាលស្ទឹង ខេត្តកណ្តាល។ ចំណែកជនសង្ស័យមានគ្នា០២នាក់ ទី១-ឈ្មោះ ផាត រ័ត្ន ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិឫស្សី ឃុំ បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ (ឃាត់ខ្លួន)
និងទី២-ឈ្មោះ ឡុង (គេចខ្លួន)។ ដោយឡែកវត្ថុតាងចាប់យករួមមាន៖ម៉ូតូមួយគ្រឿងម៉ាក សង់កូរ៉េ ពណ៌ក្រហម គ្មានស្លាកលេខ និងសម្ភារៈបាត់បង់រួមមាន៖ម៉ូតូមួយគ្រឿងម៉ាក HondaDream C125 ស៊េរីឆ្នាំ ២០០៨ ពណ៌ ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AD 9196 ។
ប្រភពដដែលបន្តថា នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ ២០២១ មុនពេលកេីតហេតុ ជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាក HondaDream C125 ស៊េរីឆ្នាំ ២០០៨ ពណ៌ ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AD 9196 ចេញពីផ្ទះរបស់ខ្លួនស្ថិតនៅភូមិទ្រា ឃុំទ្រា ស្រុកកណ្តាលស្ទឹង ខណៈមកដល់ចំនុចកេីតហេតុ ជនរងគ្រោះបានដាក់ម៉ូតូក្នុងដីឡូត៍ជាប់ប្រឡាយ រួចចុះទៅក្នុងវាលស្រែដោះមងបាត់ លុះដល់ម៉ោងកេីតហេតុ ជនរងគ្រោះបានឃេីញជនសង្ស័យចំនួនពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាក សង់កូរ៉េពណ៌ក្រហមគ្មានស្លាកលេខ បានធ្វើសកម្មភាពលួច កាច់កម៉ូតូរបស់ជនរងគ្រោះ ភ្លាមនោះជនរងគ្រោះបានស្រែកថាចោរៗ រួចរត់ពីក្នុងស្រែដេញតាម ពេលនោះប្រជាពលរដ្ឋបានជួយឌុបជនរងគ្រោះតាមពីក្រោយ លុះដល់ចំណុចភូមិព្រៃទទឹង ឃុំ ត្រពាំងវែង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋឃុំថ្មី សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ត្រពាំងវែងបានឃាត់ខ្លួនជនសង្ស័យម្នាក់សួរនាំដោយមានការសង្ស័យទេីបបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹងដេីម្បីសាក់សួរបន្ត។ ចំនែកជនសង្ស័យឈ្មោះ ឡុង បានជិះម៉ូតូរបស់ជនរងគ្រោះគេចខ្លួនបាត់។
តាមចម្លេីយសារភាពរបស់ជនសង្ស័យបានសារភាពថា ខ្លួន និងបក្ខពួកធ្លាប់ធ្វើសកម្មភាពលួច កាច់កម៉ូតូនៅស្រុកកណ្ដាលស្ទឹងចំនួន ០២លេីក ដោយក្នុងមួយលេីកៗ ខ្លួនបានទទួលលុយ ពីឈ្មោះ ឡុង ចំនួនពីប្រាំបីមុឺន ទៅដប់មុឺនរៀល។
បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់នៅអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹងដេីម្បីកសាងសំនុំរឿងតាមនីតិវិធីច្បាប់៕
ដោយ៖ ស្អាងជ័យ