ខេត្តកំពង់ឆ្នាំង៖ ព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ១ ឧត្តមសេនីយ៍ឯក កែន តារា មេបញ្ជាការរងកងទ័ពជើងគោក បាននាំយកអំណោយ ជាម៉ាស់ក្រណាត់ចំនួន ១៥,០៣៦ម៉ាស់ និងជែលលាងដៃចំនួន ១២,៥៣០ដប ជូនកងពលតូចអន្តរាគមន៍លេខ១ សម្រាប់នាយទាហាន នាយទាហានរង និងពលទាហានប្រើប្រាស់ក្នុងសកម្មភាពការងារប្រចាំថ្ងៃ និងទប់ស្កាត់ជំងឺកូវីដ-១៩។
ឧត្តមសេនីយ៍ឯក កែន តារា បានពាំនាំមកនូវការសួរសុខទុក្ខ និងបានលើកឡើងថា លោកមេបញ្ជាការកងទ័ពជើងគោក និងលោកស្រី ជានិច្ចកាលតែងតែបានយកចិត្តទុកដាក់ និងឧបត្ថម្ភ ទាំងស្មារតី សម្ភារ: ថវិកា ជាបន្តបន្ទាប់ ចំពោះសុខទុក្ខរបស់យោធិនទាំងអស់គ្រប់កាលៈទេសៈ គ្រប់ពេលវេលា។
ឧត្តមសេនីយ៍ឯក កែន តារា ក៏បានថ្លែងកោតសរសើរ ចំពោះលោកមេបញ្ជាការកងពល នាយទាហាន នាយទាហានរង និងពលទាហាន កងពលតូចអន្តរាគមន៍លេខ១ ទាំងមូល ដែលបានយកចិត្តទុក្ខដាក់ និងអនុវត្តវិធានការយ៉ាងម៉ឺងម៉ាត់ ក្នុងការទប់ស្កាត់មិនឱ្យជំងឺកូវីដ-១៩ ឆ្លងចូលអង្គភាព និងបានសំណូមពរបន្ថែមត្រូវបន្តយកចិត្តទុកដាក់ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ជំងឺដ៏កាចសាហាវកូវីដ-១៩នេះ។
ក្នុងនាមមេបញ្ជាការកងពល នឹងក្នុងនាម នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ឧត្តមសេនីយ៍ឯក ព្រហ្ម ផេង មេបញ្ជាការរងកងទ័ពជើង គោក មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១ មានសេចក្តីរីករាយ និងថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកមេបញ្ជាការ កងទ័ពជើងគោក និងលោកស្រីដែលបានឧបត្ថម្ភ ជាម៉ាស់ និងជែលនាពេលនេះ ព្រមទាំងប្តេជ្ញារួមគ្នាចូលរួមទប់ស្កាត់ និងបញ្ចប់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ និងអនុវត្តវិធានការ ៣ការពារ និង៣កុំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឱ្យបានដាច់ខាត៕
ដោយ៖ សូរិយា