ភ្នំពេញ៖ ពិតជាមិនខកចិត្តសម្រាប់ផលិតកម្ម Galaxy Navatra ដែលបានចាយប្រាក់រាប់ម៉ឺនដុល្លារដើម្បីផលិតបទ”Are you ok” នោះទេ គឺក្រោយពីការដាក់បង្ហោះបទចម្រៀងនេះជាផ្លូវការចាប់ព្រឹកមិញនេះគឺទទួលបានការគាំទ្រមិននឹកស្មានពោលគឺរកអ្នកទស្សនាបានច្រើនជាង១លានដងរួចមកហើយដោយចាយពេលវេលាត្រឹមតែ៩ម៉ោងប៉ុណ្ណោះ។
ដំណឹងល្អនេះកើតមានឡើងក្រោយពីមុននេះផលិតកម្មរងការរិះគន់មួយចំនួនលើការផលិតបទចម្រៀងខាងលើ។ ពេលនេះបទ”Are you ok” ផ្ទុះចេញការគាំទ្រមិននឹកស្មាន និងចាត់ទុកថាជាកំណត់ត្រាថ្មីនៃវិស័យបទចម្រៀងនៅកម្ពុជាដែលអាចរកអ្នកទស្សនាបានច្រើនជាង១លានដងរួចទៅហើយដោយចាយពេលវេលាមិនបានកន្លះថ្ងៃផង ។ អ្វីដែលធ្វើឲ្យគេកត់សម្គាល់ផងដែរនោះចំនួនដ៏ច្រើនលើសលប់នេះត្រូវបានបញ្ចេញនៅលើchannel youtube ថ្មីមួយរបស់ខ្លួន មានឈ្មោះថា CAM-POP Galaxy Navatra នៅម៉ោង ៧ព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បើគិតដល់ម៉ោង៤រៀលថ្ងៃដដែលនេះ ពោលត្រឹមតែ ៩ម៉ោងប៉ុណ្ណោះ មានអ្នកចូលទស្សនាច្រើនលើសលប់។ ការសម្រុកចូលទស្សនាយ៉ាងច្រើនសន្ធឹកសន្ធាប់ភ្ល្លូកទឹកភ្លូកដីដោយមិននឹកស្មានដល់ ក៏ព្រោះតែបទចម្រៀងមួយបទនេះមហាជនបានទន្ទឹងរង់ចាំជាង ១ខែមកហើយ និងក្រោយលេចរឿងមិនពេញចិត្តទៅលើពាក្យសម្តី សកម្មភាពកាយវិការមួយចំនួនជុំវិញការបញ្ចេញTrailer កាលពីពេលកន្លងទៅ។ បទចម្រៀងដែលត្រូវបានផលិតក្រោយទិញសិទ្ធិពាក្យ Are you ok ពីអ្នក លេងTik Tok ម្នាក់នៅខេត្តកំពតក្នុងតម្លៃខ្ទង់ម៉ឺនដុល្លារអាមេរិកនេះដែរ ក៏ត្រូវបានកែសម្រួល និងផលិតឡើងវិញក្រោយពីថៅកែផលិតកម្មបញ្ជាឲ្យអ្នកគ្រប់គ្រង់លប់វីដេអូនោះចោលពីលើបណ្តាញសង្គមរបស់ផលិតកម្មទាំងអស់ បើទោះបីជាមុននេះផ្ទុះការគាំទ្រ ចែករំលែក និងការរាំត្រាប់តាមពេញពិភពលោកនោះក៏ដោយ។
បទ”Are you ok” ច្រៀងដោយកញ្ញា តន់ ចន្ទសីម៉ា បានប្រើពេលផលិតជាច្រើនថ្ងៃ ដោយការចំណាយប្រាក់រាប់ម៉ឺនដុល្លារ ចេញផ្សាយភ្លាមគេក៏ឃើញ មានសារព័ត៌មានទាំងជាតិនិងអន្តរជាតិផ្សាយពីបទចម្រៀងនេះជាច្រើន ប្រទេសផងដែរ មានដូចជាថៃ ឥណ្ឌាជាដើម។ដោយសន្ទុះនៃការគាំទ្រខ្លាំងក្នុងរយៈពេលដ៍ខ្លីបែបនេះ មហាជនបានដាក់ក្ដីរំពឹងថា បទ”Are you ok” ច្បាស់ជានឹងក្លាយជាបទចម្រៀងទីមួយរបស់កម្ពុជា មានអ្នកចូលទស្សនាច្រើនជាងគេនៅក្នុងប្រទេសកម្ពុជានោះ៕
ដោយ វឌ្ឍនា