ភ្នំពេញ៖ លោក ថាច់ សេដ្ឋា ដែលធ្លាប់ជា សមាជិកគណបក្សសមរង្ស៊ី(គណបក្ស ភ្លើងទៀនបច្ចុប្បន្ន) ធ្លាប់បានចាកចេញពី គណបក្សទៅចូលរួមជាមួយបក្សសង្គ្រោះជាតិ នៅពេលនេះបានត្រលប់ចូលបក្សដើមរបស់លោក វិញហើយបន្ទាប់ពីគណបក្សបានពិនិត្យនិងយល់ ព្រមកាលពីម្សិលមិញ។
ក្នុងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ គណបក្សភ្លើងទៀនបានស្វាគមន៍ លោក ថាច់ សេដ្ឋា ដែលបានចូលរួមជីវភាព នយោបាយជាខ្លួន និងតែងតាំងលោកជាអ្នកនាំ ពាក្យគណបក្សភ្លើងទៀនថែមទៀតផង។
ក្នុងសេចក្តីប្រកាសនោះបញ្ជាក់ថា ការតែងតាំង លោកដោយសារតែលោកធ្លាប់មានអតីតភាពជា ស្ថាបនិកគណបក្សតាំងពីបក្សបានបង្កើត ដំបូងមក។
ការវិលទៅរកកន្លែងចាស់របស់លោក ថាច់ សេដ្ឋា ត្រូវបាននាយខុទ្ធកាល័យរបស់លោក កឹម សុខា ថាកំពុងធ្វើតាមខ្សែញាក់របស់លោក សម រង្ស៊ី ក្នុងចេតនាត្រៀមខ្លួនប្រមូលអ្នកគាំទ្រឡើងវិញឱ្យ- ចូលបក្សដើមឡើងវិញ និងព្យាយាមបំបាត់លោក កឹម សុខា។
លោក មុត ចន្ថា បានសរសេរនៅលើហ្វេសបុក របស់លោកនាថ្ងៃនេះថា៖ «បបូរមាត់នៅអះអាង ថែរក្សាអតីតគណបក្សសង្គ្រោះជាតិ និងបន្តប្រើ ប្រាស់ពាក្យស្លោកបង្កើតឡើងដោយអត្តនោមតិ សម រង្ស៊ី-កឹម សុខា ជាមនុស្សតែមួយ តែពី ក្រោយខ្នងរៀបចំឈុតឆាកសនារីយោ នយោបាយ និងកលល្បិចចាក់ពីក្រោយខ្នង»។
អង្គភាព “នគរដ្រេហ្គន” នៅមិនទាន់អាចទាក់ទងលោក ថាច់ សេដ្ឋា ដើម្បីសុំការបញ្ជាក់បន្ថែម និងបក ស្រាយបាននៅឡើយទេ នៅល្ងាចថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ ។
ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា និង ជាអ្នកវិភាគនយោបាយលោកបណ្ឌិត គិន ភា យល់ថាការបង្ហាញជំហរកាន់តែច្បាស់របស់ក្រុម លោក សម រង្ស៊ី ចូលប្រឡូកនយោបាយវិញគឺ បានបង្ហាញថាភាសា «សម រង្ស៊ី និង កឹម សុខា» ជាមនុស្សតែមួយ បានត្រឹមតែតែជាវោហាសាសន៍ នយោបាយតែប៉ុណ្ណោះ តែធាតុពិតអ្នកទាំងពីរ កំពុងដើរផ្លូវផ្សេងគ្នារៀងខ្លួន។
លោកថា៖ «ការបែកគ្នារបស់ពួកគាត់វាបានដល់១ កម្រិតមួយដែលជាក់ស្តែងហើយ ទាស់ត្រង់ថា, ដឹកនាំទាំងពីរហ្នឹងអត់ហ៊ានប្រកាសបែកគ្នាពេញ មុខ ព្រោះខ្លាចបាត់បង់ការគាំទ្រដែលធ្លាប់មាន ចំពោះពួកគាត់» ។
បើតាមលោកបណ្ឌិត គិន ភា ការវិលត្រលប់ចូល បក្សនយោបាយណាមួយគឺជារឿងធម្មតានោះទេ ក្នុងសង្គមប្រជាធិបតេយ្យ ខណៈលោកយល់ថា នៅពេលនេះគណបក្សភ្លើងទៀនអាចជាគណបក្ស មូលដ្ឋានមួយក្នុងការប្រមូលអតីតអ្នកនយោបាយ ប្រឆាំងឱ្យត្រលប់ចូលបក្សនេះ និងចូលរួម បោះឆ្នោតឡើងវិញ។
ក្រោយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់កាលពីឆ្នាំ២០១២ គណបក្សសមរង្សីដែល ដឹកនាំដោយលោក សម រង្ស៊ី និងគណបក្សសិទ្ធិ មនុស្សដែលដឹកនាំដោយ កឹម សុខា បានច្របាច់ បញ្ជូលគ្នាបង្កើតជាគណបក្សសង្គ្រោះជាតិដើម្បី ចូលរួមការបោះឆ្នោតជ្រើសរើសសមាជិកសភា ឆ្នាំ២០១៣។ ទោះជាយ៉ាងណាក្រោយពី គណបក្សសង្គ្រោះជាតិត្រូវបានរំលាយដោយ តុលាការកំពូល សម្ព័ន្ធភាពនៃគណបក្សបានបែក បាក់ជាច្រើននិងបានបង្កើតជាគណបក្សជាបន្ត បន្ទាប់ដើម្បីចូលរួមក្នុងការបោះឆ្នោតខាងមុខ ខណៈគណបក្សដើមគឺគណបក្សភ្លើងទៀន(អតីតបក្សសមរង្ស៊ី) និងគណបក្សសិទ្ធិមនុស្សមិនទាន់ មានជំហរយ៉ាងណានៅឡើយទេ៕
ដោយ, សិលា