នៅថ្ងៃពុធទី៦ ខែមីនា ឆ្នាំ២០១៦ នេះ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងសហការីបានចុះសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារ លោកស្រី ហួន ច័ន្ទបូរ៉ា នាយិកានាយកដ្ឋានទំនាក់ទំនង ដែលអ្នកម្តាយបានទទួលមរណភាព ក្នុងជន្មាយុ ៨៩ឆ្នាំ ដោយជរាពាធ កាលពីថ្ងៃទី៤ ខែមីនា វេលាម៉ោង៨និង៣០នាទីព្រឹកកន្លងទៅ។
ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ លោកស្រីអគ្គលេខាធិការ បានពាំនាំប្រសាសន៍រំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តែងនូវការសោកស្តាយចំពោះការបាត់បង់មាតា លោកយាយ ជាទីស្រឡាញ់ ដែលគ្មានថ្ងៃវិលវិញ ដូច្នេះមានតែសូមបួងសួងដល់ដួងវិញ្ញាណក្ខន្តលោកយាយ បានអញ្ជើញទៅកាន់សុគតិភព។
ជាមួយគ្នានោះ លោកស្រីអគ្គលេខាធិការ ក៏បាននាំយកអំណោយសប្បុរសធម៌របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន រួមមាន សម្ភារៈ គ្រឿងបរិភោគ និងថវិកាមួយចំនួន ទៅចូលរួមក្នុងពិធីបុណ្យសពផងដែរ៕
ដោយ៖ សិលា