នៅថ្ងៃទី ៥ខែវិច្ឆិកានេះ ចិនបានបាញ់បង្ហោះផ្កាយរណបស្រាវជ្រាវ ផែនដី ប្រភេទ SDGSAT-1នៅវេលាម៉ោង ១០ និង ៩នាទី ដោយបាញ់ចេញពី មូលដ្ឋានបង្ហោះផ្កាយរណប Taiyuan នៃខេត្ត Shanxi របស់ប្រទេសចិន។ ផ្កាយរណបខាងលើត្រូវបាន ត្រូវបាននាំយកឡើងទៅកាន់ទីអវកាស តាមរយៈគ្រាប់រ៉ុក្កែត Long March-6 ។ ផ្កាយរណបខាងលើមានគោលដៅជួយសម្រេចគោលដៅទាំង១៧ នៅក្នុងរបៀបវារៈការអភិវឌ្ឍដោយចីរភាពឆ្នាំ២០៣០ ដែលកំណត់ដោយ UN កាលពីឆ្នាំ២០១៥ ដើម្បីជំរុញសកម្មភាព ក្នុងការដោះស្រាយបញ្ហាសង្គម សេដ្ឋកិច្ច និងបរិស្ថាន សម្រាប់មនុស្សជាតិយើង ក៏ដូចជាសម្រាប់ភពផែនដីទាំងមូល។ ផ្កាយរណប SDGSAT-1 មានបំពាក់នូវឧបករណ៍ទំនើបៗជាច្រើន ដើម្បីអង្កេតមើលការប្រែប្រួលផ្នែកបរិស្ថានលើផែនដី ដែលពាក់ព័ន្ធជាមួយប្រព័ន្ធអេកូឡូស៉ីនៅតាមឆ្នេរសមុទ្រ ហើយនិងសកម្មភាពរបស់មនុស្ស ដូចជា ការធ្វើនគរូបនីយកម្ម ការរស់នៅ និងការប្រើប្រាស់ថាមពលជាដើម។ ប្រធានអ្នកវិទ្យាសាស្រ្តនៃផ្កាយរណប SDGSAT-1 លោក Guo Huadong បាននិយាយថា ផ្កាយរណបនេះ នឹងជួយគាំទ្រផ្នែកទិន្ន័យដល់ សហគមន៍អន្តរជាតិទាំងមូល ជាពិសេសប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងការតាមដាន វាយតម្លៃ និងស្រាវជ្រាវទៅលើ ការធ្វើអន្តរកម្មរវាងមនុស្សនិងធម្មជាតិ។លោក Guo Huadong បានបង្ហាញក្តីសង្ឃឹមថា ចិននិងអន្តរជាតិនឹងអាចសហការគ្នាយ៉ាងរលូន ហើយប្រមូលក៏ដូចជាចែករំលែកទិន្នន័យគ្នាដោយប្រសិទ្ធភាព ដើម្បីជួយបំពេញគម្លាត នៅក្នុងការអភិវឌ្ឍដោយចីរភាពនៅលើពិភពលោក ដែលមិនទាន់មានតុល្យភាពនៅឡើយ៕ដោយ៖សាធី
រូបថត៖THX/TTXVN.