តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ជាមួយគ្រួសារសព ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល

ចែករំលែក៖

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ២០២១ លោកស្រី កិត្តិសិង្គហបណ្ឌិត ឃួន សុដារី អនុប្រធានកាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ជាមួយគ្រួសារសព ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១នៃរដ្ឋសភា ដែលបានទទួលមរណភាពនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ១០ម៉៣៦នាទីព្រឹក ក្នុងជន្មាយុ៧៩ឆ្នាំ ដោយរោគាពាធ។ ពិធីបុណ្យប្រព្រឹទ្ធទៅនៅគេហដ្ឋាន សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

នៅក្នុងមរណទុក្ខដ៏ក្តុកក្តួលនេះ លោកជំទាវកិត្តិសិង្គហបណ្ឌិត បានពាំនាំប្រសាសន៍ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចូលរួមសោកស្តាយ និងរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារនៃសព ហើយចំពោះមរណភាពរបស់ ឯកឧត្ដម កិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល គឺជាការបាត់បង់ដ៏ធំធេងនូវ ឪពុក ឪពុកក្មេក ជីតា ជីតាទួត ជាទីគោរពស្រឡាញ់ប្រកបដោយគុណធម៌ ព្រហ្មវិហារធម៌ ដែលក្នុងមួយជីវិត របស់ ឯកឧត្ដម បានពលិកម្មជាច្រើន បូជាទាំងកម្លាំងកាយ ចិត្ត ជម្នះរាល់ឧបសគ្គនានា ក្នុងការឃុំគ្រងថែរក្សាក្រុមគ្រួសារពោរពេញដោយភាពកក់ក្ដៅ។ លើសពីនេះទៅទៀត មរណភាព របស់ ឯកឧត្ដម កិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល ពិតជាការបាត់បង់ដ៏ធំធេង នូវឥស្សរជននយោបាយឆ្នើមមួយរូបរបស់កម្ពុជា ដែលបានរួមចំណែកដឹកនាំស្ថាប័នរដ្ឋសភា ក្នុងការពង្រឹងនីតិរដ្ឋ និងធ្លាប់មានគុណបំណាច់ក្នុងការកសាងជាតិមាតុភូមិ បន្សល់ទុកនូវស្នាដៃជាច្រើន ក្នុងការងារជំនាញជាបន្តបន្ទាប់ ដើម្បី ជាតិ សាសនា ព្រះមហាក្សត្រ ដែលពិតជាមិនអាចកាត់ថ្លៃបានឡើយ។

ស្ថិតក្នុងមរណទុក្ខដ៏ក្រៀមក្រំនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសហការីទាំងអស់ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោកទាំងអស់ សូមប្រោសដួងវិញ្ញាណក្ខន្ធ របស់ ឯកឧត្ដម កិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល បានទៅកាន់ក្នុងសុគតិភពជានិច្ចនិរន្តរ៍ កុំបីឃ្លៀងឃ្លាតឡើយ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print